ប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ក្រោយលោក ត្រាំ គ្រោងផ្លាស់ប្តូរមេធំធនាគារកណ្តាលអាមេរិក

អន្តរជាតិ

គិតនៅត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះថ្លៃយ៉ាងខ្លាំង បើធៀបទៅនឹងប្រាក់អឺរ៉ូ ផោនរបស់អង់គ្លេស និងប្រាក់យ៉េនរបស់ជប៉ុន ចំពេលកំពុងមានដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងសម្លឹងឃើញបេក្ខភាពថ្មី ដើម្បីមកដឹកនាំធនាគារកណ្តាលអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន នៅក្នុងមួយអឺរ៉ូ មានតម្លៃស្មើទៅនឹង ១,១៦៨ដុល្លារ ស្របពេលប្រាក់ផោនបានកើនឡើង ០,២% ដល់ ១,៣៦៩ដុល្លារ។ ទន្ទឹមនឹងនេះដែរ ក្នុងមួយដុល្លារអាមេរិក បច្ចុប្បន្នមានតម្លៃស្មើទៅនឹង ១៤៤,៨យ៉េន ជប៉ុន។

មិនតែប៉ុណ្ណោះ តម្លៃប្រាក់ដុល្លារក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន នៅក្នុងរយ:ពេល ១៤ឆ្នាំចុងក្រោយផងដែរ បើធៀបទៅនឹងប្រាក់ហ្វ្រង់ស្វីស (CHF) ដោយក្នុងមួយ ១ CHF ស្មើទៅនឹង ០,៨ដុល្លារ។

គួរឲ្យដឹងផងដែរថា ប្រាក់ដុល្លារបានបាត់បង់តម្លៃ ខណៈដែលអ្នកវិនិយោគកំពុងមានការព្រួយបារម្ភអំពីឯករាជ្យភាពនាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក (Fed)។ កាលពីថ្ងៃទី២៥ ខែមិថុនា សារព័ត៌មាន WSJ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ត្រាំ កំពុងពិចារណាជ្រើសរើស និងប្រកាសការតែងតាំងបេក្ខភាពថ្មី សម្រាប់តំណែងជាប្រធាន Fed បន្ទាប់ នៅក្នុងខែកញ្ញា ឬខែតុលាខាងមុខ។ អាណត្តិបច្ចុប្បន្នរបស់ប្រធាន Fed លោក Jerome Powell នឹងត្រូវបញ្ចប់ នៅខែឧសភា ឆ្នាំ២០២៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើនេះ បានបង្ហាញឲ្យដឹងទៀថា បេក្ខជននាំមុខគេនាពេលបច្ចុប្បន្ន សម្រាប់តំណែងជាប្រធាន Fed បន្ទាប់ រួមមានអភិបាល Fed លោក Kevin Warsh ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett សមាជិកក្រុមប្រឹក្សាភិបាលរបស់ Fed លោក Christopher Waller និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ៕