អ៊ីរ៉ង់បានប្រកាសថាខ្លួនបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានយោធាអាមេរិកនៅប្រទេសហ្សកដានី កាតា គុយវ៉ែត បារ៉ែន និងអូម៉ង់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ទីក្រុងវ៉ាស៊ីនតោន មកលើខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃទី១២ ខែកក្កដាថាខ្លួនបានបើកការវាយប្រហារសងសឹកវិញ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅមូលដ្ឋានយោធានៅក្នុងប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា។
កងទ័ពអាកាសរបស់ IRGC បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់នៅឯមូលដ្ឋានទ័ពអាកាស Prince Hassan ដែលជាទីតាំងរបស់កងកម្លាំងអាមេរិក និងមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រពីរដ្ឋធានីអាម៉ាន់របស់ប្រទេសហ្ស៊កដានី។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRIB) បានរាយការណ៍ទៀតថាការវាយប្រហារនេះបានបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យ និងឃ្លាំងសម្រាប់ផ្ទុកយន្តហោះគ្មានមនុស្សបើក MQ-9 របស់សហរដ្ឋអាមេរិកនៅមូលដ្ឋាននោះ។
មិនតែប៉ុណ្ណោះ កងឆ្មាំ IRGC ក៏បានអះអាងទៀតថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ដោយបញ្ជាក់ថាខ្លួនបានបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះចម្បាំង និងមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យនៅទីនោះ រួមទាំងមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសឈូងសមុទ្រផ្សេងទៀត។
គួរជម្រាបជូនថា ជុំវិញការវាយប្រហារសងសឹកទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់បានជំរុញឱ្យរដ្ឋឈូងសមុទ្រជាច្រើនចេញការជូនដំណឹងការពារដែនអាកាសនៅព្រឹកថ្ងៃទី១២ ខែកក្កដា។ ទីក្រុងតេអេរ៉ង់តែងតែចោទប្រកាន់ប្រទេសទាំងនេះថាបានគាំទ្រសហរដ្ឋអាមេរិក ក្នុងការអនុវត្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ពោលគឺចាប់តាំងពីផ្ទូះសង្គ្រាមនៅក្នុងខែកុម្ភៈមក៕

