រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាបានបង់ការប្រាក់ជាមធ្យម ២៣,៨ពាន់លានដុល្លារក្នុងមួយសប្តាហ៍ នៅក្នុងឆ្នាំសារពើពន្ធ២០២៦ នេះ ដោយសារតែកើនឡើងនៃបំណុលសាធារណៈកាន់តែខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៦ (ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៥) ឱនភាពថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឈានដល់ជិត ១,៤ពាន់ពាន់លានដុល្លារ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ហើយយ៉ាងណាមិញ បើគិតត្រឹមចុងសប្តាហ៍មុន បំណុលសាធារណៈរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ មានចំនួន ៣៩,៤ពាន់ពាន់លានដុល្លារ។ នេះមានន័យថារដ្ឋាភិបាលអាមេរិក កំពុងខ្ចីប្រាក់ ១៥៥ពាន់លានដុល្លារក្នុងមួយខែ ឬ ៣៩ពាន់លានដុល្លារក្នុងមួយសប្តាហ៍។
ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ចុងក្រោយបំផុតពីការិយាល័យថវិកា និងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (CBO) បានបង្ហាញថា ប្រាក់ចំណូលសរុបសុទ្ធនៃការប្រាក់លើបំណុលសាធារណៈសម្រាប់ឆ្នាំសារពើពន្ធនេះ បច្ចុប្បន្នមានចំនួន ៨៥៧ពាន់លានដុល្លារ ឬ ២៣,៨ពាន់លានដុល្លារក្នុងមួយសប្តាហ៍។
បើយោងតាម CBO បានបង្ហាញឲ្យដឹងទៀតថាតួលេខនៃការប្រាក់នេះតំណាងឱ្យការកើនឡើងប្រហែល ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធមុន។ នេះគឺដោយសារតែបំណុលកើនឡើង និងអត្រាការប្រាក់រយៈពេលវែងមានកម្រិតខ្ពស់ជាង៕

