ត្រីសាលម៉ុនន័រវេសកំពុងលក់ដាច់ខ្លាំងនៅចិន ដោយសារឥទ្ធិពលតារាបាល់ទាត់ Erling Haaland

អន្តរជាតិ

ការនាំចេញត្រីសាលម៉ុនន័រវេសទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលត្រូវបានជំរុញដោយប្រជាប្រិយភាពរបស់តារាបាល់ទាត់ឆ្នើម Erling Haaland។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមតួលេខចុងក្រោយបំផុតដែលផ្តល់ដោយក្រុមប្រឹក្សានេសាទន័រវេស (NSC) ក្នុងខែមិថុនា បានបង្ហាញថា ការនាំចេញត្រីសាលម៉ុនន័រវេសទៅកាន់ប្រទេសចិនបានឈានដល់ ១០ ៨៨៩ តោន ពោលគឺកើនឡើង ៣១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចេញបានឈានដល់ប្រមាណ ៨៦លានដុល្លារ កើនឡើង ២១%។

យ៉ាងណាមិញ​ លោក Sigmund Bjorgo នាយកទីផ្សារចិននៃក្រុមប្រឹក្សានេសាទន័រវេស NSC បានចាប់ផ្តើមបង្កើតយុន្ធនាការមួយឈ្មោះថា “យើងជឿជាក់លើ Haaland ដូច្នេះខ្ញុំត្រូវជ្រើសរើសយកត្រីសាលម៉ុនន័រវេស” ដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសចិន នៅដើមខែមិថុនាកន្លងទៅ ដោយមាន Haaland ផ្ទាល់ជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោនេះផងដែរ។

គួរឲ្យដឹងផងដែរ ជុំវិញយុទ្ធនាការនេះ បានផ្ទូះល្បីយ៉ាងខ្លាំង នៅក្នុងប្រទេសចិន តាមរយៈឥទ្ធិពលរបស់កីឡាករបាល់ទាត់ Haaland ស្រាប់ ជាពិសេសអំឡូងពេលនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំនេះ នៅពេលដែលខ្សែប្រយុទ្ធក្លិប Manchester City រូបនេះ បាននាំក្រុមជម្រើសជាតិន័រវេសឲ្យឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង។

Haaland ត្រូវបានគេទទួលស្គាល់ថាជាកីឡាករដែលមានរបបអាហារមិនធម្មតាមួយ ជាពិសេសត្រីសាលម៉ុនរបស់ន័រវេសផ្ទាល់ ដើម្បីបំប៉នរាងកាយដ៏មាំមួនរបស់គេ។

គួរជម្រាបជូនថា ប្រទេសន័រវេសគឺជាប្រទេសនាំចេញអាហារសមុទ្រធំជាងគេទីពីររបស់ពិភពលោក ដោយបរិមាណនាំចេញត្រូវបានព្យាករថានឹងឈានដល់ ២,៨ លានតោននៅឆ្នាំ២០២៥។ យោងតាមលោក Bjorgo ប្រទេសន័រវេសនាំចេញអាហារសមុទ្រជាង ៦០ ប្រភេទទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក៕​