អ៉ីរ៉ាក់ រឹបអូសមាសជាង ៣៧០ គីឡូនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ

អន្តរជាតិ

អាជ្ញាធរអ៊ីរ៉ាក់ រឹបអូសដុំមាសបានចំនួនជាង ៣៧០ គីឡូក្រាម និងលុយរាប់សិបលានដុល្លារផ្សេងទៀត នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាបន្តបន្ទាប់ ដោយមានមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានចាប់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន CBS News បានរាយការណ៍នៅថ្ងៃទី១៤ ខែកក្កដាថា មនុស្ស ២១ នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំរបស់ប្រទេសអ៊ីរ៉ាក់ ដោយក្នុងនោះរួមទាំងមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងអតីតសមាជិកសភា។ ជុំវិញយុទ្ធនាការចុងក្រោយនេះផងដែរ គឺជាប់ទាក់ទងនឹងការចាប់ខ្លួនអតីតអនុរដ្ឋមន្ត្រីប្រេង លោក Adnan Al-Jumaili ក្នុងខែឧសភា ពីបទចោទប្រព្រឹត្តិអំពើរលួយ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Al-Zaidi ដែលចូលកាន់តំណែងក្នុងខែឧសភា បានសន្យាថានឹងដោះស្រាយអំពើពុករលួយរ៉ាំរ៉ៃនៅក្នុងប្រទេស​ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យប្រេង។ ទន្ទឹមនឹងនេះ ចៅក្រមស៊ើបអង្កេត លោក Diaa Jaafar នៃតុលាការប្រឆាំងអំពើពុករលួយកណ្តាលនៃប្រទេសអ៊ីរ៉ាក់ បាននិយាយថា មាសដែលរឹបអូសបាននឹងត្រូវប្រគល់ជូនធនាគារកណ្តាល។

គួរឲ្យដឹងផងដែរថា មន្ត្រីអ៊ីរ៉ាក់បានចាប់ផ្តើមបើកប្រតិបត្តិការប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹងក្រសួងប្រេង ក្នុងនោះបានរកឃើញទឹកប្រាក់សុទ្ធចំនួន ១០,៦លានដុល្លារដែលលាក់ទុកក្នុងរណ្តៅបង្ហូរទឹក។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Haider Al-Aboudi បានបញ្ជាក់ថា ចំនួនទ្រព្យសម្បត្តិសរុបដែលរឹបអូសបានក្នុងករណីអតីតអនុរដ្ឋមន្ត្រី Al-Jumaili មានតម្លៃជាង ៩៦លានដុល្លារ រួមជាមួយនឹងអចលនទ្រព្យ យានយន្ត និងមាសមានតម្លៃរាប់សិបលានដុល្លារផ្សេងទៀត៕​