សហរដ្ឋអាមេរិក រឹតបន្តឹងបន្ថែមទៀតជុំវិញទណ្ឌកម្មលើប្រេង និងរូបិយប័ណ្ណគ្រីបតូរបស់អ៉ីរ៉ង់

អន្តរជាតិ

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើនសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើទីក្រុងតេអេរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មលើការលក់ប្រេង និងរារាំងពីការចូលទៅប្រើប្រាស់រូបិយប័ណ្ណគ្រីបតូផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសពីការពង្រីកទណ្ឌកម្មដែលផ្តោតលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដោយផ្តោតលើបណ្តាញអាជីវកម្មរបស់មហាសេដ្ឋីប្រេង Mohammad Hossein Shamkhani។ ក្រសួងនេះក៏បានបង្កកកាបូបឌីជីថលគ្រីបតូដែលមានតម្លៃប្រមាណ ១៣០លានដុល្លារដែលភ្ជាប់ទៅនឹងធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ។

ជុំវិញវិធានការចុងក្រោយនេះ​បានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ការបិទខ្ទប់ច្រកសមុទ្ររបស់ប្រទេសនេះឡើងវិញ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ៖”នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរតនាគារដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើរបបអ៊ីរ៉ង់បន្ទាប់ពីវាបានបន្តការវាយប្រហារដែលបង្កអស្ថិរភាពនៅក្នុងច្រកសមុទ្រ Hormuz”។

ក្រសួង​បាន​អះអាងទៀត​ថា បណ្ដាញអាជីវកម្ម​របស់លោក Shamkhani នៅ​តែ​ជា​កម្លាំង​សំខាន់​នៅ​ពីក្រោយ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ហើយ​ថែមទាំង​បាន​ពង្រីក​ទៅ​ក្នុង​ការ​ជួញដូរ​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន​ប្រភេទ​ទៀត។ ហើយទណ្ឌកម្ម​ថ្មីចុងក្រោយ​នេះ​នឹងផ្តោត​លើ​បុគ្គល អង្គការ និង​នាវា​សរុបជាង ៥០ ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​ថា​បាន​ជួយដល់​របប​តេអេរ៉ង់​ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានដាក់ទណ្ឌកម្មលើបុគ្គល អង្គការ និងនាវាជាង ២០០ គ្រឿង ដែលដំណើរការក្រោមការឧបត្ថម្ភរបស់បណ្ដាញមហាសេដ្ឋី Shamkhani។ លោក Shamkhani គឺជាកូនប្រុសរបស់លោក Ali Shamkhani ដែលជាទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei៕​