ប្រទេសកាណាដា បានសម្រេចលុបចោលពិធីសម្ពោធស្ពានដែលតភ្ជាប់ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសំណាក់មន្ត្រីមកពីប្រទេសទាំងពីរ ដោយសារតែការគំរាមកំហែងពន្ធគយថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBC។

លោកស្រី Jenna Ghasabeh អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធកាណាដា គឺលោក Gregor Robertson បាននិយាយនៅថ្ងៃទី២១ ខែកក្កដាថា ៖”ដោយសារវិធានការពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានគំរាមកំហែងដាក់លើកាណាដានៅដើមសប្តាហ៍នេះ ការបន្តរៀបចំព្រឹត្តិការណ៍អបអរសាទររវាងប្រទេសទាំងពីរ នឹងមិនត្រូវធ្វើឡើងនោះឡើយ”។
ស្ពាន Gordie Howe ដែលតភ្ជាប់ពីទីក្រុង Windsor ក្នុង Ontario ប្រទេសកាណាដា ជាមួយទីក្រុង Detroit រដ្ឋ Michigan នៅសហរដ្ឋអាមេរិក គ្រោងនឹងបើកដំណើការជាផ្លូវការនៅថ្ងៃទី២៧ ខែកក្កដាខាងមុខ។ ហើយយ៉ាងណាមិញ ផែនការដើមសម្រាប់ពិធីកាត់ខ្សែបូរ ដំបូងឡើយត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ប៉ុន្តែទន្ទឹមនឹងនេះ លោកស្រី Ghasabeh បាននិយាយថា ប្រទេសកាណាដានៅតែប្តេជ្ញាចិត្តក្នុងការដាក់ឲ្យស្ពាននេះដំណើរការតាមកាលវិភាគ ប៉ុន្តែនឹងរៀបចំពិធីសម្ពោធតែនៅក្នុងស្រុកប៉ុណ្ណោះ។
គួរជម្រាបជូនថា នៅថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសដាក់ពន្ធ ៥០% លើទំនិញនាំចូលជាច្រើនពីប្រទេសកាណាដា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ថាប្រទេសនេះរើសអើងចំពោះរថយន្ត ភេសជ្ជៈមានជាតិអាល់កុល និងផលិតផលទឹកដោះគោដែលផលិតនៅសហរដ្ឋអាមេរិក៕

