ស្ដេចត្រាញ់អចលនទ្រព្យ ក្លាយជានាយករដ្ឋមន្ត្រីថៃ

អន្តរជាតិ

ក្រោយមានការជាប់គាំងក្នុងការស្វែងរកនាយករដ្ឋមន្ត្រីថៃថ្មីប្រមាណ ១០០ថ្ងៃមកនេះ ទីបំផុត សភាថៃបានសម្រេច បោះឆ្នោតជ្រើសយកលោក Srettha Thavisin បេក្ខជនតំណាងឲ្យគណបក្សភឿថៃ ជានាយករដ្ឋមន្ត្រីលើកទី៣០ ផ្លូវការហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនប្រឡូកលើឆាកនយោបាយ នាយករដ្ឋមន្ត្រីថៃរូបនេះ គឺជាស្ដេចត្រាញ់អចលនទ្រព្យប្រចាំប្រទេសមួយរូប និងមានឈាមជ័រជាអ្នកធុរកិច្ចថែមទៀតផង។

តើនាយករដ្ឋមន្ត្រីថៃលើកទី៣០ រូបនេះ ធ្លាប់មានប្រវត្តិបែបណាខ្លះ?

លោក Srettha កើតនៅឆ្នាំ ១៩៦៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មស៊ីវិល ពីសកលវិទ្យាល័យកំពូលប្រចាំប្រទេសថៃ គឺសកលវិទ្យាល័យជូឡាឡុងកន និងបន្តដល់ថ្នាក់អនុបណ្ឌិត​ផ្នែកធុរកិច្ចពីសកលវិទ្យាល័យ Claremont Graduate School នៅសហរដ្ឋអាមេរិកថែមទៀត។

ក្រោយបញ្ចប់ការសិក្សា លោកបានប្រឡូកក្នុងវិស័យការងារដំបូង ជាជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Procter & Gamble នៅឆ្នាំ ១៩៨៦ មុនក្លាយជាសហស្ថាបនិកក្រុមហ៊ុន Sansiri នៅឆ្នាំ ១៩៩៨ ដែលក្រោយមកក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅប្រទេសថៃ។

អំឡុងពេលធ្វើការនៅ Sansiri លោករ៉ាប់រងតួនាទីលើផ្នែករៀបចំយុទ្ធសាស្ត្រ គ្រប់គ្រង និងការជំរុញអាជីវកម្ម ហើយស្ថិតក្រោមគ្រប់គ្រងរបស់លោក ក្រុមហ៊ុនបានបង្កើតគម្រោងលំនៅឋានច្រើនជាង ៤០០ ដែលផ្ដល់នូវការរស់នៅប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋច្រើនជាង ៣០០ ០០០គ្រួសារនៅប្រទេសថៃ និងកំពុងរីកដុះដាលថែមទៀត។

បន្ថែមពីនោះ អំឡុងពេលក្រុមហ៊ុននានាកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារជំងឹរាតត្បាតកូវីដ ១៩ ប៉ុន្តែក្រុមហ៊ុន Sansiri នៅតែបន្តរីកសុះសាយ ក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ។

ក្រោយមកលោកបានកាន់តំណែងជាប្រធាន និងជា CEO ប្រចាំក្រុមហ៊ុន ដែលមានតម្លៃប្រហែល ៨៨០លានដុល្លារ មុនពេលចុះចេញពីតំណែងនៅខែមេសា ដោយងាកមកប្រឡូកក្នុងឆាកនយោបាយ និងចូលរួមជាមួយគណបក្សភឿថៃ។

ចូលជាសមាជិកបក្សភឿថៃមិនបានប៉ុន្មានផង លោកត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ប្រចាំបក្ស នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ ខណៈកន្លងមកលោកត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មួយរូបផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន VOA លោក Srettha បាននិយាយថា មូលហេតុដែលទាញលោកឲ្យចូលក្នុងឆាកនយោបាយ គឺដោយសារលោកមើលឃើញពីស្ថានការណ៍​នៅក្នុងប្រទេស និងចង់ជួយស្ដារប្រទេសឲ្យមានស្ថិរភាពឡើងវិញ។

ជម្រាបជូនបន្ថែមថា អំឡុងពេលឃោសនារកសន្លឹកឆ្នោត នាយករដ្ឋមន្ត្រីថៃរូបនេះបានប្រកាសគាំទ្រ ដល់ការថែរក្សាបរិស្ថាន សិទ្ធមនុស្សស្រលាញ់ភេទដូចគ្នា និងប្រព័ន្ធចាយលុយតាមឌីជីថល ហើយដោយមានការគាំទ្រពីគណបក្សភឿថៃ លោកសន្យាថា នឹងជួយស្ដារសេដ្ឋកិច្ចប្រទេសថៃឲ្យកាន់តែរីកចម្រើនជាងមុនថែមទៀត៕