អាមេរិក ទំនងកើបលុយបាន ២០ពាន់លានដុល្លារពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup

អន្តរជាតិ

ប្រាក់ចំណូលប្រហែលពាក់កណ្តាលនៃចំនួនសរុបដែលបង្កើតឡើងដោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ នេះ​ ត្រូវបានគេរំពឹងទុកថានឹងហូរចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជំរុញដោយកំណើនគួរឲ្យកត់សម្គាល់នៅក្នុងទីក្រុងធំៗជាច្រើនដែលទទួលរៀបចំសម្រាប់ការប្រកួត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក លោក Brian Moynihan នាយកប្រតិបត្តិធនាគារ Bank of America (BofA) បាននិយាយនៅក្នុងបទសម្ភាសជាមួយ CBS នៅថ្ងៃទី១៩ ខែកក្កដាថា ៖”យោងតាមក្រុមស្រាវជ្រាវរបស់យើង តម្លៃសេដ្ឋកិច្ចសរុបដែល FIFA នឹងបង្កើតពីការប្រកួតនេះគឺប្រហែល ៤០ពាន់លានដុល្លារ ដែលក្នុងនោះ ២០ពាន់លានដុល្លារចូលទៅក្នុងសហរដ្ឋអាមេរិក”។

គួរឲ្យដឹងផងដែរថា ទីក្រុងធំៗដែលរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត ដូចជាទីក្រុង Kansas ជាដើមនោះ កំពុងទទួលបានកំណើនសេដ្ឋកិច្ចលឿនជាមុន និងការប្រើប្រាស់កើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងទីក្រុងផ្សេងទៀត ដែលត្រូវបានជំរុញដោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំបំផុតមួយនេះ។

លោក Brian ក៏បានអះអាងទៀតផងដែរថា ការប៉ាន់ប្រមាណប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកពីការប្រកួតគួរតែរួមបញ្ចូលទាំងការចំណាយនៅតាមភោជនីយដ្ឋាន បារ និងអាជីវកម្មប្រពៃណីផ្សេងទៀត មិនមែនគ្រាន់តែនៅក្នុងពហុកីឡដ្ឋាននោះទេ។

ទន្ទឹមនឹងនេះ យោងតាមគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប World Cup ប្រចាំនៅញូវយ៉ក/ញូវជើស៊ី អ្នកគាំទ្របានចំណាយប្រហែល ១,២ពាន់លានដុល្លារនៅក្នុងតំបន់នេះក្នុងខែមិថុនាតែមួយ ដែលបង្កើតការជំរុញសេដ្ឋកិច្ចចំនួន ២,១ពាន់លានដុល្លារ និងរួមចំណែកដល់ប្រាក់ចំណូលពីពន្ធចំនួន ២២៨លានដុល្លារ។

មិនតែប៉ុណ្ណោះទីក្រុងម្ចាស់ផ្ទះដែលរៀបចំការប្រកួត ក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការចំណាយនៅតាមភោជនីយដ្ឋាន និងហាងបែបប្រពៃណីនៅក្នុងសប្តាហ៍ដំបូងនៃការប្រកួត ខណៈពេលដែលទីក្រុងដែលមិនមែនជាម្ចាស់ផ្ទះបានឃើញការកើនឡើងតិចតួច ផងដែរ។ បន្ថែមពីលើទីក្រុងធំៗដូចជាញូវយ៉ក និងឡូសអាន់ជឺឡេស ទីក្រុងជាច្រើនទៀតដូចជាហ្វីឡាដែលហ្វៀ និងកានសាសស៊ីធី ក៏បានឃើញការកើនឡើងនៃចំនួនអ្នកទេសចរផងដែរ។

ជម្រាបជូនថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ បានធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែកក្កដា ដោយអេស្ប៉ាញបានឈ្នះជើងឯក បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងលទ្ធផល ១-០ លើក្រុមការពារតំណែងជើងឯកអាហ្សង់ទីន។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ១៦ នៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕​