ស្ងាត់ៗ Apple ផ្តួល Nvidia ឡើងតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកសារជាថ្មី

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានកើនឡើងលើសក្រុមហ៊ុន Nvidia ជាលើកដំបូងគិតចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក ដែលធ្វើឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរ នៅថ្ងៃទី២៧ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះ ៥% ដែលធ្វើឱ្យមូលធនទីផ្សាររបស់ពួកគេធ្លាក់ចុះមកនៅត្រឹម ៤,៧៧ទ្រីលានដុល្លារ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិនិយោគិនមានការព្រួយបារម្ភអំពីការចំណាយដ៏ច្រើនដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ AI។

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Appleវិញបានកើនឡើង ១% ដែលបង្កើនតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ ៤,៩៥ទ្រីលានដុល្លារ។ នេះអនុញ្ញាតឱ្យពួកគេវ៉ាដាច់ក្រុមហ៊ុន Nvidia និងក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះក៏ជាលើកដំបូងផងដែរ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក ដែលតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ជាង Nvidia បែបនេះ។

គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំនេះមក ភាគហ៊ុនរបស់ Nvidia បានកើនឡើងត្រឹមតែ ៤% ប៉ុណ្ណោះ ខណៈពេលដែលភាគហ៊ុនរបស់ Apple បានកើនឡើង ២៤%។ វិនិយោគិនពេញចិត្តចំពោះវិធីសាស្រ្តប្រុងប្រយ័ត្នរបស់ Apple ចំពោះបច្ចេកវិទ្យា AI ដោយផ្តល់អាទិភាពដល់ការផ្ទេរការងារទៅខាងក្រៅជាជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន៕​