ក្រុមហ៊ុន Boeing ត្រូវចំណាយលុយផ្ទាល់ខ្លួនប្រមាណជាង ៣ពាន់លានដុល្លារលើគម្រោងកែច្នៃយន្តហោះដឹកប្រធានាធិបតី VC-25B ដោយសារតែការចំណាយលើសផែនការ និងការពន្យារពេល បើប្រៀបធៀបទៅនឹងកាលវិភាគក្នុងកិច្ចសន្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Kelly Ortberg ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែកក្កដាថា ៖”យើងបានសម្រេចចិត្តបែងចែកធនធានសំខាន់ៗដើម្បីគាំទ្រដល់វឌ្ឍនភាពនៃការផលិត និងការធ្វើតេស្តយន្តហោះ VC-25B ក៏ដូចជាការយល់ព្រមជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិកលើការផ្លាស់ប្តូរមូលដ្ឋានវិញ្ញាបនបត្ររបស់យើងពីស្តង់ដាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ទៅជាស្តង់ដារយោធា”។
ទន្ទឹមនឹងនេះ លោក Steve Parker ប្រធានផ្នែកប្រតិបត្តិការការពារជាតិ អវកាស និងសន្តិសុខរបស់ក្រុមហ៊ុន Boeing ពីមុនបានលើកឡើងពីការចំណាយលើសថវិការបស់គម្រោងយន្តហោះ VC-25B ផងផដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់ពិតប្រាកដនោះទេ។
យោងតាមរបាយការណ៍ពី Aviation Week បានបង្ហាញឲ្យដឹងថា ការចំណាយលើសគម្រោងយន្តហោះ VC-25B នៅឆ្នាំ២០២៤ មានចំនួនប្រហែល ២,៨ពាន់លានដុល្លារ។ តួលេខដែលទើបប្រកាសថ្មីនេះនឹងធ្វើឱ្យចំនួនទឹកប្រាក់សរុបដែល Boeing ត្រូវចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួនកើនឡើងដល់ជាង ៣ពាន់លានដុល្លារ។
គួរជម្រាបជូនថា នៅឆ្នាំ២០១៨ Boeing បានទទួលកិច្ចសន្យាមានតម្លៃចំនួន ៣,៩ពាន់លានដុល្លារដើម្បីកែច្នៃយន្តហោះ VC-25B ចំនួនពីរគ្រឿង ពីយន្តហោះដឹកអ្នកដំណើរធម្មតា 747-8i ។ កិច្ចសន្យានេះមានតម្លៃថេរ ដែលនេះមានន័យថា Boeing ត្រូវប្រើប្រាស់មូលនិធិផ្ទាល់ខ្លួនដើម្បីទូទាត់ថ្លៃដើមបន្ថែមណាមួយដែលកើតឡើងក្នុងអំឡុងពេលដំណើរការផលិត៕

