កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានផ្តល់កិច្ចសន្យាដែលមានតម្លៃជិត ៧៧ពាន់លានដុល្លារដើម្បីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Virginia ចំនួនប្រាំបួនគ្រឿង និងនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Columbia ចំនួនប្រាំគ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី២៩ ខែកក្កដាថា កងកម្លាំងនេះបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអ្នកសាងសង់នាវា General Dynamics Electric Boat (GDEB) និង HII ដោយចំណាយលុយ ៤២,១ពាន់លានដុល្លារសម្រាប់សង់នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ Virginia Block VI ចំនួនប្រាំបួនគ្រឿង និងសម្ភារៈផ្គត់ផ្គង់ផ្សេងទៀត និងទឹកប្រាក់ចំនួន ២៩,៥ពាន់លានដុល្លារផ្សេងទៀត សម្រាប់នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលផ្លោងថ្នាក់ Columbia ចំនួនប្រាំគ្រឿង។
ជុំវិញគម្រោងសាងសង់នេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងរោងចក្រសាងសង់នាវា Newport News របស់ក្រុមហ៊ុន GDEB និង HII។ ក្នុងនោះដែរក្រុមហ៊ុន HII នឹងទទួលខុសត្រូវក្នុងការសាងសង់ផ្នែកខាងមុខ ខាងក្រោយ និងម៉ូឌុលមួយចំនួន។ ចំណែកឯ GDEB នឹងសាងសង់តួនាវាកណ្តាល ដែលជាកន្លែងផ្ទុករ៉េអាក់ទ័រនុយក្លេអ៊ែររបស់នាវាមុជទឹកទាំងពីរ និងប្រព័ន្ធបាញ់មីស៊ីលផ្លោងនុយក្លេអ៊ែរ Trident II D5 ដែលបំពាក់នៅលើនាវា Columbia-class ផងដែរ។
គួរជម្រាបជូនផងដែរថា គម្រោងសាងសង់នាវាមុជទឹកវាយប្រហាររបស់សហរដ្ឋអាមេរិកនេះ ត្រូវបានពន្យារពេល ចាប់តាំងពីឆ្នាំ២០២២ មក នៅពេលដែលការចរចារវាងកងទ័ពជើងទឹក និងក្រុមហ៊ុន General Dynamics សម្រាប់ផលិតនាវាមុជទឹក Virginia Block V ចំនួនពីរគ្រឿងបានជាប់គាំងរយៈពេល ១៨ខែដោយសារតែបញ្ហាធានារ៉ាប់រងការទទួលខុសត្រូវ។ ហើយបើទោះបីជាត្រូវបានដោះស្រាយក៏ដោយ បញ្ហានេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចសន្យាជាបន្តបន្ទាប់ផ្សេងៗទៀត៕

