គណៈកម្មការអឺរ៉ុប (EC) បាននិយាយកាលពីពេលថ្មីៗនេះថា សហភាពអឺរ៉ុប EU នឹងផ្តល់មូលនិធិដល់រោងចក្របញ្ញាសិប្បនិម្មិត AI ចំនួនប្រាំពីរនៅទូទាំងតំបន់ ជាមួយទុនវិនិយោគចំនួន ១០ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) បង្កើនសមត្ថភាពនិងរក្សាគម្លាតបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមានគោលបំណងទាក់ទាញការវិនិយោគឯកជនយ៉ាងហោចណាស់ ២០ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់គម្រោងទាំងនេះ។ ហើយយ៉ាងណាមិញចំនួនរោងចក្រ AI ដែលគ្រោងទុកនឹងត្រូវកើនឡើងពី ៥ ដល់ចំនួន ៧ ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងមូល។
យ៉ាងណាមិញ រោងចក្រទាំងនេះនឹងរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ កម្មវិធី បច្ចេកវិទ្យា Cloud computing ការតភ្ជាប់ល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យផងដែរ។
លោកស្រី Henna Virkkunen ប្រធានបច្ចេកវិទ្យាសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការចូលប្រើប្រាស់ថាមពលកុំព្យូទ័រទ្រង់ទ្រាយឆៅនៅក្នុងរោងចក្រ AI Gigafactories គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រសម្រាប់អឺរ៉ុប ខណៈពេលដែលការអភិវឌ្ឍ AI កំពុងបង្កើនល្បឿនយ៉ាងលឿន”។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុនខ្នាតយក្សដូចជា AMD, Nvidia និង Qualcomm បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងជាមួយគណៈកម្មការអឺរ៉ុប ដើម្បីផ្តល់បន្ទះឈីបដល់ក្រុមដែលពាក់ព័ន្ធទៅគម្រោងសាងសង់រោងចក្រ AI ធំៗទាំងនេះ៕

