តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងសារជាថ្មីគិតនៅត្រឹមនៅថ្ងៃអង្គារ (ថ្ងៃទី៤ ខែសីហា) ខណៈពេលដែលដំណោះស្រាយការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនប្រាកដប្រជា ដែលជាហេតុផ្តល់បន្តការរំខានដល់លំហូរប្រេងតាមរយៈផ្លូវដឹកជញ្ជូនសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រេងប្រភេទ Brent សម្រាប់ខែនេះបានកើនឡើង ១,០៤ដុល្លារ ឬ ១,២៤% ដល់ ៨៤,៨១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ៧% នៅក្នុងការជួញដូរវគ្គមុន ដែលជាដល់កម្រិតទាបបំផុតក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយ។
ចំណែកឯប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក វិញបានកើនឡើង ៣០សេន ឬ ០,៣៧% ដល់ ៨០,៦៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះជាង ៥% នៅក្នុងវគ្គមុន និងជាកម្រិតទាបបំផុតក្នុងរយៈពេលជិតមួយសប្តាហ៍។
ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅសំខាន់ៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកកំពុងពន្យារពេលបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ ដោយរង់ចាំការចរចាដែលកំពុងបន្ត ដើម្បីបញ្ចប់សង្គ្រាម និងដោះស្រាយការទាមទារលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបដិសេធការអះអាងរបស់លោក ត្រាំ ទាំងនេះ ដោយនិយាយថា គ្មានការចរចាណាមួយជាមួយសហរដ្ឋអាមេរិកកំពុងកើតឡើងនោះទេ ហើយក៏គ្មានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុកដែរ៕

