តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទ ទី១០ ខែសីហា ខណៈភាពមិនប្រាកដប្រជានៅតែបន្តកើតមានលើការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌជាច្រើន ទោះបីជាទីក្រុងតេអេរ៉ង់ និងអូម៉ង់បានឈានចូលដំណាក់កាលចុងក្រោយនៃការព្រមព្រៀងគ្នាលើផ្លូវដឹកជញ្ជូនថ្មីក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានកើនឡើង ៨៤សេន ឬ ១% ដល់ ៨៤,៣៩ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៦០សេន ឬ ០,៧៥ ដល់ ៧៨,៧៧ដុល្លារក្នុងមួយបារ៉ែល។
គួរឲ្យដឹងថា ជុំវិញការធ្លាក់ចុះនៃប្រេងឆៅដ៏សំខាន់ទាំងពីរនេះ បានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយអូម៉ង់កំពុងស្ថិតក្នុង “ដំណាក់កាលចុងក្រោយ” ហើយ ប៉ុន្តែក៏បានបញ្ជាក់ជាថ្មីផងដែរថា ផ្លូវទឹកដ៏សំខាន់នេះនឹងបើកឡើងវិញ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបានបំពេញលក្ខខណ្ឌផ្សេងទៀត រួមទាំងសំណងរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារយ៉ាងទូលំទូលាយរបស់ពួកគេមកលើអ៊ីរ៉ង់ផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនចូលរួមក្នុងការចរចាទេ ហើយទីក្រុងតេអេរ៉ង់នឹងមិនចាប់ផ្តើមការចរចាណាមួយផងដែរ ដរាបណាទីក្រុងវ៉ាស៊ីនតោនបំពានកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខាក្នុងខែមិថុនា៕

