នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលត្រូវបានចាត់ទុកថាជាការប្រឡងថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងបំភុត ក្រោមបាវចនា «អ្នកចេះគឺជាប់» ចាប់តាំងពីមានការកែទម្រង់អប់រំនាឆ្នាំ២០១៤ មក។

ដោយឡែក បើក្រឡេកទៅមើលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀត ក៏មានការប្រឡងថា្នក់ជាតិ ឬប្រឡងចូលមហាវិទ្យាល័យដ៏តឹងរ៉ឹង និងមានសម្ពាធខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកផងដែរ តួយ៉ាងដូចជាប្រទេសខាងក្រោមចំនួន៤ នេះ៖
១. ប្រទេសចិន (ការប្រឡង ហ្កៅខាវ Gaokao )

ការប្រឡង Gaokao (ហ្កៅខាវ) គឺជាការប្រឡងបញ្ចប់វិទ្យាល័យ និងជ្រើសរើសចូលរៀននៅមហាវិទ្យាល័យ។ វាត្រូវបានចាត់ទុកថាជាការប្រឡងតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក។ បេក្ខជនរាប់លាននាក់ត្រូវប្រកួតប្រជែងគ្នាដើម្បីទទួលបានកន្លែងរៀននៅក្នុងសាកលវិទ្យាល័យកំពូលៗ។ អាជ្ញាធរប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនដូចជា ដ្រូន (Drone) ប្រព័ន្ធស្កែនមុខ និងឧបករណ៍ចាប់រលកសញ្ញា ដើម្បីទប់ស្កាត់ការក្លែងបន្លំ ហើយអ្នកបន្លំអាចប្រឈមនឹងការជាប់ទោសពន្ធនាគារ ផងដែរ។
២. ប្រទេសកូរ៉េខាងត្បូង (ការប្រឡង ស៊ូនឹង Suneung )
ការប្រឡង Suneung (ស៊ូនឹង) ឬ College Scholastic Ability Test (CSAT) គឺជាការប្រឡងដ៏តឹងរ៉ឹងបំផុតមួយនៅលើពិភពលោកផងដែរ។ នៅថ្ងៃប្រឡង ប្រទេសទាំងមូលស្ទើរតែផ្លាស់ប្តូរសកម្មភាពដើម្បីសម្រួលដល់សិស្សដែលត្រូវប្រឡង ជើងហោះហើរត្រូវពន្យារពេល ឬផ្អាកតែម្តងដើម្បីកាត់បន្ថយសំឡេងរំខាន អំឡុងពេលប្រឡងស្តាប់ភាសាអង់គ្លេស, កងកម្លាំងប៉ូលីសជួយដឹកសិស្សដែលស្ទះផ្លូវ, ខណៈអាជីវកម្មមួយចំនួនបើកយឺតជាងមុន ដើម្បីសម្រួលដល់ការកកស្ទះ។ ដែលនេះបានធ្វើឲ្យសម្ពាធផ្លូវចិត្តលើសិស្សមានកម្រិតខ្ពស់បំផុត។
៣. ប្រទេសឥណ្ឌា (ការប្រឡង JEE & NEET)

ការប្រឡង Joint Entrance Examination (JEE Advanced) សម្រាប់ផ្នែកវិស្វកម្ម និង NEET សម្រាប់ផ្នែកវេជ្ជសាស្ត្រ។ ការប្រឡងនេះ មានអត្រាប្រឡងជាប់ដ៏ទាបបំផុតមួយនៅលើពិភពលោក (ក្រោម ២% សម្រាប់វិទ្យាស្ថានកំពូលៗដូចជា IIT)។ បេក្ខជនរាប់លាននាក់ត្រូវចំណាយពេលត្រៀមខ្លួនជាច្រើនឆ្នាំនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលពិសេស ហើយវិធានការសុវត្ថិភាពទប់ស្កាត់ការលួចមើល គឺតឹងរ៉ឹងខ្លាំង រាប់ចាប់ពីការពិនិត្យសម្លៀកបំពាក់ រហូតដល់ការហាមឃាត់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។
៤. ប្រទេសជប៉ុន (ការប្រឡង Kyotsu Test)

នៅក្នុងប្រទេសជប៉ុនការប្រឡង Kyotsu Test គឺជាការប្រឡងចូលរៀនសាកលវិទ្យាល័យដ៏តឹងរ៉ឹងខ្លាំងបំផុតនៅក្នុងប្រទេសជប៉ុន និងនៅលើពិភពលោក។ សម្ពាធនៃការប្រឡងនេះត្រូវបានគេហៅថា “Examination Hell” ដែលធ្វើឲ្យបេក្ខជនប្រឡងមានភាពពិបាកខ្លាំង។ ការប្រឡងផ្តោតលើភាពជាក់លាក់ ចំណេះដឹងទូលំទូលាយ និងល្បឿននៃការធ្វើលំហាត់ជាច្រើន ផងដែរ៕

