ក្រុមហ៊ុនខ្នាតយក្សជប៉ុនជាច្រើន កំពុងសម្លឹងរកការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម នៅប្រទេសក្បែរខាងកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើន រួមទាំង Aeon និងក្រុមហ៊ុនថាមពល Eneos បានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ថា ពួកគេចង់ធ្វើការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រធានក្រុមហ៊ុនធំៗជាច្រើន បានប្រាប់ទៅកាន់លោក Chinh ក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុនថា បរិយាកាសធុរកិច្ចរបស់វៀតណាម កំពុងតែមានភាពប្រសើរឡើង ហើយក្រុមហ៊ុនជប៉ុនមានទំនុកចិត្ត លើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសនេះ ។

យ៉ាងណាក្រុមហ៊ុន Aeon ដែលមានផ្សារទំនើប ចំនួន ៦ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការបណ្តាក់ទុកចំនួន ១,១៨ ពាន់លានដុល្លាររួចមកហើយ ទល់ពេលបច្ចុប្បន្ននេះ ហើយប្រធានក្រុមហ៊ុន លោក Motoya Okada បាននិយាយថាខ្លួននៅតែចង់បង្កើនចំនួនផ្សារទំនើបទ្វេដងទៀត ។

ក្រៅពីនេះលោក Okada បានបន្ថែមទៀតថា ក្រុមហ៊ុនរបស់ខ្លួនក៏ចង់ចុះបញ្ជីទៅលើទីផ្សារភាគហ៊ុនវៀតណាម និងចាប់ផ្តើមការនាំចេញជលផល រួមទាំងផលិតផលកាត់ដេរ ទៅកាន់ប្រទេសជប៉ុនផងដែរ ។

ហើយមិនតែប៉ុណ្ណោះ Eneos ដែលជាក្រុមហ៊ុនថាមពលដ៏ធំបំផុតមួយ នៅក្នុងប្រទេសជប៉ុន និងមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៧០ ពាន់លានដុល្លារនៅប្រទេសវៀតណាម ក៏បង្ហាញពីបំណងក្នុងការពង្រីកការវិយោគរបស់ខ្លួន ទៅលើប្រទេសនេះបន្ថែមទៀតដែរ ។

លើសពីនេះ ប្រធានក្រុមហ៊ុនថាមពលខាងលើ លោក Tsutomu Sugimori បានសម្តែងចំណាប់អារម្មណ៍ ចំពោះផែនការអភិវឌ្ឍន៍ទៅលើវិស័យថាមពលរបស់វៀតណាម និងចង់ជួយកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្ររបស់ខ្លួនថែមទៀតផង ។

សូមបញ្ជាក់ផងដែរថា ប្រទេសជប៉ុន គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេទីបី នៅក្នុងប្រទេសវៀតណាម សម្រាប់រយៈពេល ១០ ខែដំបូង បន្ទាប់ពីប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង ដែលមានដើមទុនចុះបញ្ជីសរុបជិត ៣,៤ ពាន់លានដុល្លារ ឬស្មើនឹង ១៤,៣% នៃចំនួនសរុប។ នេះបើតាមរបាយការណ៍ពីក្រសួងផែនការ និងការវិនិយោគ ៕

ប្រភព: VN Express