មហាសេដ្ឋីកំពង់ផែ Enrique Razon Jr ឡើងងារជាអ្នកមានបំផុតរបស់ហ្វីលីពីន ក្រោយពង្រីកអាជីវកម្មជាសកល

អន្តរជាតិ

មហាសេដ្ឋីកំពង់ផែ លោក Enrique Razon Jr. បានក្លាយជាអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីននៅឆ្នាំនេះជាលើកដំបូង ចាប់តាំងពីបានបង្ហាញខ្លួននៅក្នុងបញ្ជីក្នុងឆ្នាំ២០០៧ មក ស្របពេលអាណាចក្រកំពង់ផែរបស់លោកកំពងបន្តពង្រីកជាមួយនឹងគម្រោងថ្មីៗទាំងក្នុងស្រុក និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមហ៊ុន International Container Services (ICTSI) លោក Razon Jr បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២១,៨ពាន់លានដុល្លារនៅក្នុងរបាយការណ៍អាប់ដេតចុងក្រោយ ដោយទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ដោយមិនខ្លាចរអារទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ លោក Razon បានបង្កើនការពង្រីកជាសកលលោកនៃក្រុមហ៊ុនកំពង់ផែរបស់លោក ដោយជំរុញឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើង និងបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនបន្ថែមទៀត ពីចំនួន ១០,៣ពាន់លានដុល្លារកាលពីមួយឆ្នាំមុន។

ទន្ទឹមនឹងនេះ​ភាគហ៊ុនរបស់ក្រុមហ៊ុន ICTSI ដែល Razon បម្រើការជាប្រធាន ក៏បានកើនឡើងទ្វេដងផងដែរ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដ៏មានតម្លៃបំផុតរបស់ប្រទេស។

គួរជម្រាបជូនផងដែរថា ក្រៅតែពីកំពង់ផែ លោក Razon ក៏កំពុងពង្រីកការវិនិយោគរបស់លោកនៅក្នុងវិស័យផ្សេងទៀតផងដែរ រួមទាំងកាស៊ីណូ ថាមពល និងរ៉ែ។ កាលពីខែមីនា Prime Infrastructure Capital ដែលជាក្រុមហ៊ុនឯកជនកាន់កាប់ដោយលោក Razon ផ្ទាល់ បានយល់ព្រមទិញយក SierraCol Energy ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នរបស់ប្រទេសកូឡុំប៊ី ពីក្រុមហ៊ុនភាគហ៊ុនឯកជន Carlyle៕​