បរិមាណប្រេងឆៅនៅក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (SPR) ឥឡូវនេះបានធ្លាក់ចុះក្រោម ៣០០ លានបារ៉ែល ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី១០ ខែសីហា ក្រសួងថាមពលសហរដ្ឋអាមេរិកបានចេញផ្សាយតួលេខដែលបង្ហាញថាទុនប្រេងបម្រុង SPR បានធ្លាក់ចុះមកត្រឹម ២៩៨,៧ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាការថយចុះ ៦,១ លានបារ៉ែលបន្ថែមទៀត។ ស្តុកប្រេងនេះបច្ចុប្បន្នស្ថិតនៅកម្រិតទាបបំផុតគិតចាប់តាំងពីខែមករា ឆ្នាំ១៩៨៣។
កាលពីខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យមានការរំខានដ៏ធំបំផុតចំពោះការផ្គត់ផ្គង់ប្រេងឆៅក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ ក្រោយមានការដកប្រេងបម្រុងជាបន្តបន្ទាប់ចេញពី SPR បានធ្វើឲ្យមានការលើកឡើងជាសំណួរថា តើទុនបម្រុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះឬអត់។ កាលពីខែមុន អ្នកនាំពាក្យក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយថា បរិមាណប្រេងអប្បបរមាដែលត្រូវការសម្រាប់ SPR ដើម្បីដំណើរការដោយសុវត្ថិភាព គឺស្ថិតនៅប្រហែល ៧០ លានបារ៉ែល។
លោក David Goldwyn អតីតបេសកជនពិសេសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកថាមពលអន្តរជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Barack Obama ក៏ជឿជាក់ថា SPR នៅតែមានប្រេងគ្រប់គ្រាន់ដើម្បីបន្តបញ្ចេញប្រសិនបើចាំបាច់។ លោកបានប្រាប់ CNBC ទៀតថា ៖”ខ្ញុំមិនព្រួយបារម្ភអំពីស្ថេរភាពនៃស្តុកប្រេង ឬសមត្ថភាពក្នុងការបន្តបញ្ចេញប្រសិនបើយើងត្រូវការនោះទេ”។
ជម្រាបជូនថា SPR មានប្រេងប្រហែល ៤១៥ លានបារ៉ែលមុនពេលជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើងនៅចុងខែកុម្ភៈ។ ទុនបម្រុងប្រេងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងមានចំនួន ២៤៣ លានបារ៉ែល បន្ទាប់ពីការបញ្ចប់នៃការបញ្ចេញប្រេងដែលបានបញ្ជាដោយប្រធានាធិបតី លោក ត្រាំ ក្នុងអំឡុងពេលមានកង្វះខាត នៅពេលនេះ៕

