ស្តេចវាយ Tennis លោក Roger Federer របូតតំណែងជាមហាសេដ្ឋី

អន្តរជាតិ

អតីតកីឡាករវាយកូនបាល់ដ៏ល្បីល្បាញរបស់ពិភពលោក Roger Federer បានបាត់បង់តំណែងជាមហាសេដ្ឋីរបស់ខ្លួន បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន On ដែលជាម៉ាកយីហោសម្លៀកបំពាក់កីឡាស្វីស ដែលលោកកាន់កាប់ភាគហ៊ុនភាគច្រើន បានធ្លាក់ចុះយ៉ាងខ្លាំង នៅលើទីផ្សារភាគហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes កាលពីមួយឆ្នាំមុន កំពូលកីឡាវាយកូនបាល់ស្វីសរូបនេះ បានចូលរួមជាមួយបញ្ជីឈ្មោះមហាសេដ្ឋី ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១,១ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិភាគច្រើនទាំងនោះ មានប្រភពចេញពីភាគហ៊ុន ៣% ដែលលោក Federer កាន់កាប់នៅក្នុងក្រុមហ៊ុន On ចាប់តាំងពីលោកបានចាប់ដៃគូជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ ក្នុុងឆ្នាំ២០១៩ មក។

យ៉ាងណាមិញ នៅចំណុចមួយ ក្រុមហ៊ុន On ធ្លាប់បានឈានដល់តម្លៃមូលធនទីផ្សារ ១៥ពាន់លានដុល្លារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Federer ហក់ឡើងលើសពី ៣៧៥លានដុល្លារ។

តែទោះបីជាក្រុមហ៊ុននេះ ទើបតែបានប្រកាសពីការលក់បំបែកកំណត់ត្រាក៏ដោយ លទ្ធផលអាជីវកម្មចុងក្រោយរបស់ខ្លួនបានបរាជ័យក្នុងការបំពេញតាមការរំពឹងទុកខ្ពស់របស់ទីផ្សារ។ នេះបានបង្ខំឱ្យ On បន្ថយការព្យាករអំពីប្រាក់ចំណូលរួមរបស់ខ្លួន។

គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះភ្លាមៗជិត ២០% ក្នុងវគ្គជួញដូរតែមួយនៅថ្ងៃទី១១ ខែសីហា។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ បានធ្វើឲ្យលោក Federer ខាតបង់ទឹកប្រាក់អស់ចំនួន ៥២លានដុល្លារក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្ននេះ ថយមកនៅត្រឹម ៩៥២លានដុល្លារ និងធ្លាក់ចេញពីតំណែងជាមហាសេដ្ឋីផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់ New York Post។

ជម្រាបជូនថា ក្នុងរយៈពេល ២៤ឆ្នាំនៃអាជីពដ៏ជោគជ័យជាមួយនឹងការឈ្នះពានរង្វាន់ចំនួន ១០៣ លោក Federer អាចប្រមូលបានប្រាក់រង្វាន់ពីការប្រកួតសរុបជិត ១៣១លានដុល្លារ និងប្រាក់ចំណូលមុនពន្ធប្រហែល ១ពាន់លានដុល្លារផ្សេងទៀតពីកិច្ចព្រមព្រៀងឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕