ប៊ិករបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃលក់ ​ក្នុង​តម្លៃជិត ៤ សែនដុល្លារ

អន្តរជាតិ

ប៊ិកប្រើទឹក​ថ្នាំ​ធ្វើឡើងពីប្រាក់​របស់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី ក្វាន់យូ ត្រូវបាន​ដាក់ដេញថ្លៃលក់​បានក្នុង​តម្លៃ ៣៦០ ០០០ដុល្លារ ដែល​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​ដំបូងរហូតដល់ទៅដប់​ដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៊ិក Montblanc Meisterstuck លេខ ១៤៦ ដែល​ធ្វើ​ពី​ប្រាក់​រឹង និងមាន​ឆ្លាក់​អក្សរ “SM Lee Kuan Yew” រួមទាំងបានចុះសម័យកាល​ដែល​លោក លី ក្វាន់យូ បាន​បម្រើការ​ជារដ្ឋមន្ត្រីជាន់ខ្ពស់​ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ២០០៤ ផងដែរ។ ប៊ិកនេះ​ជា​កេរ្តិ៍តំណែលដ៏អស្ចារ្យនៃ​អាជីព​នយោបាយ​របស់​លោក បន្ទាប់​ពី​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​សិង្ហបុរីអស់រយៈពេល ៣១ឆ្នាំ។

គួរឲ្យដឹងថា ប៊ិកនេះត្រូវបានដាក់ដេញថ្លៃជាលើកដំបូងក្នុងឆ្នាំ២០០៣ ដោយទទួលបានតម្លៃ ៤០ ៥០០ដុល្លារ។ នៅពេលនោះ កូនស្រីរបស់លោក លី គឺអ្នកស្រី Lee Wei Ling បានរៀបចំការដេញថ្លៃរបស់របរគ្រួសារចំនួន ៨៨ មុខនៅលើ Sotheby ដើម្បីរៃអង្គាសប្រាក់សម្រាប់ The Tent ដែលជាអង្គការសប្បុរសធម៌មួយដែលជួយក្មេងស្រីជំទង់ដែលមានវិបត្តិ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ ប៊ិក Montblanc Meisterstuck ត្រូវបានគេឃើញដាក់នៅ​ក្នុង​ការ​ដេញថ្លៃ​ម្តងទៀត នៅលើអ៊ីនធឺណិត ដែល​រៀបចំ​ដោយ Hotlotz កាលពី​ថ្ងៃ​ទី១៦ ខែ​សីហា។ ហើយតម្លៃ​ចុងក្រោយរបស់វា ​គឺបានកើនឡើងរហូតដល់ ៣៦០ ០០០ដុល្លារ (រួម​ទាំង​កម្រៃ​ជើងសារ) ដែល​ខ្ពស់​ជាង​តម្លៃ​រំពឹង​ទុកដល់ទៅ ១០ដងឯណោះ។

ជម្រាបជូនថា លោក លី ក្វាន់យូ គឺជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសសិង្ហបុរី ដែលគ្រប់គ្រងប្រទេសពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ លោកបានបន្តបម្រើការជារដ្ឋមន្ត្រីជាន់ខ្ពស់រហូតដល់ឆ្នាំ២០០៤ និងជារដ្ឋមន្ត្រីណែនាំរហូតដល់ឆ្នាំ២០១១ មុនពេលលោកទទួលមរណភាពក្នុងខែមីនា ឆ្នាំ២០១៥។ លោកត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរប្រទេសសិង្ហបុរីពីអតីតអាណានិគមអង់គ្លេសដ៏ក្រីក្រទៅជាសង្គមមួយក្នុងចំណោមសង្គមដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងមានស្ថិរភាពបំផុតរបស់ពិភពលោក៕​