នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីវិធានការដំឡើងពន្ធពន្ធសងសឹកលើសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃសៅរ៍ (ទី២២ សីហា) បន្ទាប់ពីលោកបានដើរចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ “អាក្រក់” មួយ ដែលបានធ្វើឱ្យមានភាពរកាំរកូសរវាងប្រទេសប្រទេសជិតខាងទាំងពីរកាន់ជ្រៅទៅៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការចរចារវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានឈានទៅរកការមិនចុះសម្រុងគ្នា កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលធ្វើពន្ធគយថ្មី ៥០% របស់សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្ត និងបានធ្វើឲ្យប៉ះពាល់ដល់ទំនិញដែលមានតម្លៃប្រហែល ២០ប៊ីលានដុល្លារ ឬស្មើនឹង ៥,៥% នៃការនាំចេញរបស់កាណាដាសរុប ទៅកាន់សហរដ្ឋអាមេរិក។
គួរឲ្យដឹងផងដែរថា ផលិតផលរបស់កាណាដាដែលរងផលប៉ះពាល់ពីពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនេះមានចាប់ពីដំបងវាយកូនបាល់លើទឹកកក រហូតដល់ស៊ីម៉ង់ត៍។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកាណាដា បានប្រកាសថាពន្ធគយថ្មី ដែលជាការសងសឹកវិញ នឹងផ្តោតលើឧស្សាហកម្មដែកថែប និងផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិក ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី៨ ខែកញ្ញាខាងមុខ។ មិនតែប៉ុណ្ណោះ លោក Carney ថែមទាំងបាននិយាយទៀតថា ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងពន្ធគយសងសឹកនេះ នឹងមកដល់នៅក្នុងអំឡុងសប្តាហ៍នេះ៕

