ប្រទេសកាណាដា កាលពីថ្ងៃទី២៥ ខែសីហា បានប្រកាសបញ្ជីផលិតផលរបស់អាមេរិកប្រហែល ៧០០ មុខដែលនឹងត្រូវទទួលរងនូវពន្ធនាំចូលថ្មី ចាប់ពីថ្ងៃទី៨ ខែកញ្ញាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ពន្ធថ្មីគឺមានអត្រា ១៥%, ២៥% និង ៥០%។ ក្នុងនោះពន្ធ ៥០% នឹងត្រូវអនុវត្តចំពោះដែកថែប អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងសម្លៀកបំពាក់។ ខណៈពន្ធ ២៥% អនុវត្តចំពោះឈីស សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងអាហារសមុទ្រមួយចំនួន។ ដោយឡែកពន្ធ ១៥% នឹងត្រូវអនុវត្តចំពោះឧបករណ៍អេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងទៀត។
យ៉ាងណាមិញជុំវិញ គោលនយោបាយចុងក្រោយនេះ គឺជាការឆ្លើយតបទៅនឹងពន្ធ ៥០% ដែលសហរដ្ឋអាមេរិកបានដាក់លើទំនិញកាណាដាដែលមានតម្លៃរហូតដល់ ២០ពាន់លានដុល្លារកាលពីសប្តាហ៍មុន បន្ទាប់ពីការចរចាពាណិជ្ជកម្មទ្វេភាគីត្រូវបានដួលរលំ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក François-Philippe Champagne បាននិយាយថា៖”ពន្ធគយថ្មីរបស់យើងនឹងត្រូវបានអនុវត្ត ដោយ១ដុល្លារត្រូវសងវិញដោយ១ដុល្លារ ពន្ធសម្រាប់ពន្ធ រួមជាមួយនឹងកញ្ចប់គាំទ្ររាប់ពាន់លានដុល្លារ ដើម្បីការពារកម្មករ កសិករ គ្រួសារ និងអាជីវកម្ម”។
គួរជម្រាបជូនផងដែរថា ចលនាចុងក្រោយនេះ បង្ហាញថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរកំពុងកាន់តែយ៉ាប់យ៉ឺនទៅៗ។ ហើយកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថែមទាំងបានគំរាមប្តូរឈ្មោះបឹង Ontario ប្រទេសកាណាដា ទៅជាបឹងអាមេរិកថែមទៀតផង៕

