ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាផ្លាស់ប្តូរឈ្មោះបឹងមួយនៅ Great Lakes ដែលស្ថិតនៅចន្លោះរដ្ឋញូវយ៉ក និងខេត្ត Ontario ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៥ ខែសីហាថា ៖”សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិកវិញ ពីព្រោះយើងលែងរំពឹងថានឹងលែងបានធ្វើអាជីវកម្មច្រើនជាមួយខេត្ត Ontario ទៀតហើយ”។
យ៉ាងណាមិញ ទាក់ទងនឹងផ្ទៃដី បឹង Ontario គឺស្ថិតនៅជាផ្នែកមួយនៃតំបន់បឹង Great Lakes នៅអាមេរិកខាងជើង ដែលស្ថិតនៅចន្លោះរដ្ឋញូវយ៉កសហរដ្ឋអាមេរិក និងខេត្ត Ontario របស់ប្រទេសកាណាដា។
គួរឲ្យដឹងថា ជុំវិញការបង្ហោះសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានព្រមានថា ប្រទេសកាណាដានឹងប្រឈមមុខនឹង “ផលវិបាកកាន់តែអាក្រក់” ប្រសិនបើមេដឹកនាំរបស់ខ្លួនមិន “គោរពតាម” បន្ទាប់ពីមានការបរាជ័យនៃការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជម្រាបជូនថា លោក ត្រាំ ក៏បានរិះគន់ម្តងហើយម្តងទៀតចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងអភិបាលខេត្ត Ontario លោក Doug Ford ដោយចោទប្រកាន់ប្រទេសកាណាដាថាបានទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សមកហើយ៕

