ក្រុមហ៊ុនខ្នាតយក្សចិន ByteDance ដែលជាមេរបស់កម្មវិធី TikTok បានទទួលប្រាក់កម្ចីសរុបចំនួន ២៩,៦ពាន់លានដុល្លារ។ កាលពីដំបូងក្រុមហ៊ុនគ្រោងស្នើសុំកម្ចីត្រឹមតែ ២០ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបានបង្កើនទំហំកម្ចី បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាធនាគារនានា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថានេះគឺជាកម្ចីជាប្រាក់ដុល្លារដែលមានទំហំធំបំផុតទីពីរនៅអាស៊ីក្នុងឆ្នាំ២០២៦ នេះ បន្ទាប់ពីកម្ចីស្ពាន (Bridge Loan) ចំនួន ៤០ពាន់លានដុល្លាររបស់ក្រុមហ៊ុន SoftBank Group កាលពីខែមីនាកន្លងទៅ។
យ៉ាងណាមិញ ក្រុមហ៊ុន ByteDance មានគោលបំណងយកថវិកាទាំងនេះ ទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន ជាពិសេសលើការបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័ហ ដោយគ្រោងនឹងចំណាយរហូតដល់ទៅ ៧០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។
គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងនៃកម្ចីក្នុងចំនួនដ៏ច្រើនមហាសាលនេះ ត្រូវបានសម្របសម្រួលដោយធនាគារ Citigroup និង JPMorgan Chase ដោយមានរយៈពេល ៣ឆ្នាំ ហើយអាចពន្យារពេលរហូតដល់ ៥ឆ្នាំ៕

