រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងអនុវត្តយុទ្ធនាការស្វែងរកជនអន្តោប្រវេសន៍ដែលត្រូវបានបណ្តេញចេញ ដើម្បីទារប្រាក់ចំនួន ៤២៣លានដុល្លារ ដែលពួកគេបានជំពាក់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមប្រភពដដែលនេះ បានរាយការណ៍ថា ភ្នាក់ងារល្បាតព្រំដែន និងគយសហរដ្ឋអាមេរិក (CBP) កំពុងស្វែងរកមនុស្សប្រមាណ ៦៦ ៣០០ នាក់ ដែលត្រូវបានបណ្តេញចេញពីប្រទេស ប៉ុន្តែនៅតែជំពាក់ប្រាក់រដ្ឋាភិបាល សរុបជាទឹកប្រាក់ប្រហែល ៤២៣លានដុល្លារ។
កាលពីពេលថ្មីៗនេះ CBP បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្រុមហ៊ុនចំនួន ៤ ដែលកិច្ចសន្យានីមួយៗមានតម្លៃអតិបរមា ៩លានដុល្លារ ដើម្បីតាមស្វែងរកបុគ្គលដែលមានឈ្មោះក្នុងបញ្ជីខាងលើ។ ក្រុមហ៊ុនទាំងនោះអាចប្រើប្រាស់រូបភាពផ្ទះ កុងត្រាទឹកភ្លើង កំណត់ត្រាការងារ និងឯកសារតុលាការ ដើម្បីកំណត់ទីតាំងរបស់ជនដែលត្រូវបានបណ្តេញចេញ និងសមត្ថភាពនៃការបង់ប្រាក់របស់ពួកគេ។
យ៉ាងណាមិញ ជុំវិញកិច្ចខិតខំប្រឹងប្រែងតាមស្វែងរកនេះ បានចោទជាសំណួរថា តើទីក្រុងវ៉ាស៊ីនតោនអាចអនុវត្តកាតព្វកិច្ចសងបំណុលលើមនុស្សដែលលែងរស់នៅក្នុងសហរដ្ឋអាមេរិកបានដោយរបៀបណា។ ឯកសាររបស់រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនបានពន្យល់ច្បាស់អំពីវិធីសាស្ត្រដែលពួកគេអាចបង្ខំឱ្យអ្នកដែលត្រូវបានបណ្តេញចេញ ហើយកំពុងរស់នៅបរទេស ត្រូវបង់ប្រាក់បានបែបណានោះឡើយ។
បន្ថែមពីនេះ នៅមានបញ្ហាជាក់ស្តែងមួយទៀតគឺ តើជនទាំងនោះមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបង់ប្រាក់ដែរឬទេ។ មនុស្សមួយចំនួនអាចមានប្រភពហិរញ្ញវត្ថុមានកម្រិត ឬគ្មានគណនីធនាគារនៅអាមេរិកតែម្តង ខណៈវិធីសាស្ត្រទាំងនេះ ស្ថិតក្នុងចំណោមវិធីសាស្ត្រសម្រាប់បង់ប្រាក់ពិន័យ ដែលត្រូវ បានបញ្ជាក់នៅក្នុងឯកសាររបស់រដ្ឋាភិបាលសហព័ន្ធ៕

