យោងតាមមន្ត្រីហិរញ្ញវត្ថុមួយរូបបាននិយាយកាលពីថ្ងៃទី១០ ខែកញ្ញាថា គណៈកម្មាធិការរថយន្តអគ្គិសនីរបស់ប្រទេសថៃ បានយល់ព្រមលើការដំឡើងពន្ធគយពិសេស ចំពោះការនាំចូលរថយន្តអគ្គិសនី ដើម្បីជំរុញដល់ការវិនិយោគលើការផលិតនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមលោក Pornchai Thiraveja បាននិយាយថា រថយន្តដែលនាំចូលទាំងស្រុង (CBU) នឹងត្រូវជាប់អត្រាពន្ធគយខ្ពស់បំផុត ដែលលើសពីអត្រាពន្ធពិសេស ១០% ក្នុងពេលបច្ចុប្បន្ន។
យោងតាមលោក អត្រាពន្ធទាបជាងនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលនាំចូលសម្រាប់គោលបំណងសាកល្បង និងរថយន្តដែលនាំចូលសម្រាប់ការដំឡើង ឬផលិតនៅក្នុងស្រុក។
លោក Pornchai បានបន្ថែមថា រថយន្តដែលផលិតនៅក្នុងប្រទេសថៃដោយប្រើប្រាស់គ្រឿងបន្លាស់ ឬវត្ថុធាតុដើមក្នុងស្រុក នឹងត្រូវជាប់អត្រាពន្ធទាបបំផុត។
គួរជម្រាបជូនផងដែរថា ជុំវិញផែនការដំឡើងពន្ធចុងក្រោយនេះ នឹងមានរយៈពេលអនុគ្រោះមួយ ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុនផលិតរថយន្តក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធពន្ធថ្មី ប៉ុន្តែរយៈពេលនៃដំណាក់កាលនេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ៕

