Tesla របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយនៅវៀតណាម

អន្តរជាតិ

កាលពីពេលថ្មីៗនេះ Tesla ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Tesla Motors Vietnam មានទីស្នាក់ការកណ្តាលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាមួយដើមទុនចុះបញ្ជីសរុបជាង ៧៧,៦ពាន់លានដុង ឬប្រមាណជាង ២,៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Tesla Motors Vietnam បានបបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនផងដែរថា ការផ្លាស់ប្តូរចុងក្រោយនេះ​បានបង្ហាញពីការចូលខ្លួនជាផ្លូវការរបស់ Tesla ទៅក្នុងទីផ្សាររថយន្តអគ្គិសនីមួយ ក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ តាមរយៈការចុះបញ្ជីនោះ Tesla Motors Vietnam មានសកម្មភាពអាជីវកម្មចម្បងគឺលក់រថយន្ត។ លើសពីនេះ ក្រុមហ៊ុនក៏បានបន្ថែមលេខកូដអាជីវកម្មសម្រាប់ការលក់គ្រឿងបន្លាស់ និងគ្រឿងបង្គុំសម្រាប់រថយន្តរបស់ខ្លួនផងដែរ។

ជម្រាបជូនថា ដូចគ្នានឹងក្រុមហ៊ុនបរទេសជាច្រើនផ្សេងទៀតដែលទើបតែចូលមកកាន់ទីផ្សារប្រទេសវៀតណាមដែរ ដើមទុនចុះបញ្ជីដំបូងរបស់ Tesla Motors Vietnam គឺមិនទាន់ធំដុំនៅឡើយទេ។ នេះអាចចាត់ទុកថាជា “ដើមទុនផ្លូវច្បាប់” ដើម្បីឱ្យក្រុមហ៊ុនបំពេញនីតិវិធីវិនិយោគ និងស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការ ដោយមិនបានឆ្លុះបញ្ចាំងទាំងស្រុងអំពីទំហំហិរញ្ញវត្ថុ ឬការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនមេនោះទេ។ ជាក់ស្តែង ធនធានប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះនឹងត្រូវបានបន្ថែមបន្តិចម្តងៗតាមរយៈកម្ចីផ្ទៃក្នុង កិច្ចសន្យាសេវាកម្ម ឬការបង្កើនដើមទុនតាមដំណាក់កាល អាស្រ័យលើផែនការអាជីវកម្ម និងកម្រិតនៃការពង្រីកទីផ្សារ៕​