តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបដិសេធសំណើសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់ និងការស្នើសុំឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើកការជួញដូរឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ២% ដល់ ១០៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង ១,៣% ដល់ ៩៣,៦ដុល្លារក្នុងមួយបារ៉ែលផងដែរ។
ទីផ្សារប្រេងឆៅ បានកើនឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកញ្ញា បានបដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងជាបន្ទាន់ ដោយសារតែពួកគេកំពុងរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេល ៧ខែមកហើយ ដោយបានរីករាលដាលដល់ប្រទេសជាច្រើននៅក្នុងតំបន់ និងបង្កការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក៕

