រថយន្តកំពុងពេញនិយម BYD Sealion 5 ទទួលបានការវាយតម្លៃកម្រិតសុវត្ថិភាពត្រឹមផ្កាយ ៣ ពីប្រទេសអូស្រ្តាលី

អន្តរជាតិ

រថយន្តដ៏ពេញនិយមរបស់ក្រុមហ៊ុន BYD ម៉ូដែល Sealion 5 ទទួលបានការវាយតម្លៃនៃកម្រិតសុវត្ថភាពត្រឹមតែផ្កាយ ៣ ប៉ុណ្ណោះ​ ពីស្ថាប័នវាយតម្លៃសុវត្ថិភាពយានយន្តឯករាជ្យរបស់ប្រទេសអូស្ត្រាលី ANCAP ដែលធ្វើឲ្យម៉ូដែលនេះបានក្លាយជារថយន្តដំបូងគេរបស់ក្រុមហ៊ុនចិនមួយនេះ ដែលមិនទទួលបានការវាយតម្លៃកម្រិត ៥ ផ្កាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CarExpert។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្នុងនាមជារថយន្ត SUV ប្រភេទ Plug-in Hybrid ទំហំមធ្យម ដែលជាដៃគូប្រកួតប្រជែងជាមួយរថយន្តល្បីៗផ្សេងទៀត ដូចជា Toyota RAV4 និង Mitsubishi Outlander រថយន្ត Sealion 5 គឺជាយានយន្តដំបូងគេមួយដែលត្រូវបានយកមកធ្វើតេស្តក្រោមកម្មវិធីវាយតម្លៃដ៏តឹងរ៉ឹងរបស់ ANCAP ដែលបានដាក់ចេញក្នុងឆ្នាំ២០២៦ ដោយមានកិច្ចសហការជាមួយស្ថាប័នដៃគូអឺរ៉ុប Euro NCAP ផងដែរ។

ជុំវិញលទ្ធផលចុងក្រោយនេះ មានន័យថា Sealion 5 ដែលបានចេញលក់នៅអូស្ត្រាលីក្នុងឆ្នាំ២០២៥ ទទួលបានការវាយតម្លៃពី ANCAP ក្នុងកម្រិតទាបបំផុតមិនធ្លាប់មានសម្រាប់ប្រ៊ែនរថយន្តចិនមួយនេះ ហើយការវាយតម្លៃនេះត្រូវអនុវត្តចំពោះទាំងម៉ូឌែលជម្រើស Essential និង Premium របស់ BYD ដែលត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកផងដែរ។

យោងតាមរបាយការណ៍របស់ ANCAP ចំណុចខ្វះខាតរបស់រថយន្ត Sealion 5 គឺស្ថិតនៅក្នុងផ្នែកនៃការចៀសវាងការប៉ះទង្គិច (Crash Avoidance) និងផ្នែកនៃការបើកបរប្រកបដោយសុវត្ថិភាព (Safe Driving) ដោយទទួលបានពិន្ទុ ៥១% និង ៤៨% រៀងគ្នា។ បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាទាំងនោះគឺថា ប្រព័ន្ធរក្សារថយន្តក្នុងគន្លងផ្លូវក្នុងករណីអាសន្ន (emergency lane-keeping system) របស់ Sealion 5 មិនបានដំណើរការ ឬធ្វើអន្តរាគមន៍ឡើយ នៅពេលត្រូវបានធ្វើតេស្តក្នុងស្ថានភាពដែលរថយន្តបើកបរជិតគែមផ្លូវ (road-edge scenarios)។

លើសពីនេះ​ ANCAP ក៏បានកត់សម្គាល់ផងដែរថា Sealion 5 មិនមានប្រព័ន្ធជូនដំណឹងអំពីការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាពមិនត្រឹមត្រូវនោះទេ ដែលប្រព័ន្ធនេះនឹងផ្តល់សញ្ញាព្រមានប្រសិនបើខ្សែក្រវាត់សុវត្ថិភាពត្រូវបានពាក់មិនបានត្រឹមត្រូវ។ រថយន្តប្រភេទ SUV នេះក៏ខ្វះមុខងារហៅការសង្គ្រោះបន្ទាន់ (e-call) ដែលអាចជូនដំណឹងដោយស្វ័យប្រវត្តិទៅកាន់សេវាសង្គ្រោះបន្ទាន់ ក្នុងករណីមានការប៉ះទង្គិចធ្ងន់ធ្ងរផងដែរ៕​