អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ និងជាឱកាសសម្រាប់យើងទាំងអស់គ្នារំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងអង្គុយជួបជុំគ្នានៅទីនេះយ៉ាងរីករាយ។

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ចាស់ព្រឹទ្ធាចារ្យ វីរសិល្បកររៀមច្បង និងបងប្អូនសិល្បករ សិល្បការិនី។
អ្នកឧកញ៉ាប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានរៀបចំកម្មវិធីជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត តាមការសន្យា ពិសេសស្របគ្នានឹងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ។ បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បីរំឭកគុណ និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែការជួបជុំនៅថ្ងៃនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នារំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងអង្គុយជួបជុំគ្នានៅទីនេះយ៉ាងរីករាយ។
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា បុព្វបុរសបានបន្សល់ទុកមរតកឱ្យយើង ហើយវីរសិល្បករ និងសិល្បកររៀមច្បង គឺជាអ្នកបន្តទទួលមរតកនោះ បន្តថែរក្សា បន្តសម្តែង បន្តបង្រៀន និងបន្តប្រគល់មកឱ្យយើងជាអ្នកបន្តជំនាន់។ ដូច្នេះ នៅថ្ងៃនេះ យើងមិនត្រឹមតែជួបគ្នាដើម្បីសួរសុខទុក្ខទេ ប៉ុន្តែយើងមកដើម្បីនិយាយពាក្យថា៖ «សូមអរគុណ!» សូមអរគុណចំពោះការលះបង់គ្រប់យ៉ាង ដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ។ សូមអរគុណចំពោះបទពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក។ ហើយសូមអរគុណជាពិសេសចំពោះការថែរក្សា ការពារអត្តសញ្ញាណសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យបន្តរស់រានរហូតមកដល់ជំនាន់ក្រោយ។
ក្នុងនាមសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សូមប្តេជ្ញាថា នឹងដើរតាមមាគ៌ាដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះការគាំពារដល់វីរសិល្បករ និងសិល្បកររៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើ និងថែរក្សាវប្បធម៌ជាតិ។ សម្តេចតែងជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំទ្រផ្នែកជីវភាពដល់សិល្បករចាស់ៗ ដែលបាត់បង់លទ្ធភាពសម្តែង ឬបម្រើវិស័យសិល្បៈ៕










