ការនាំចូលរបស់សហរដ្ឋអាមេរិកក្នុងខែសីហា កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន​គិតចាប់តាំងពីឆ្នាំ២០២៥ មក ដោយសារតែការនាំចូលក្នុងខែសីហា មានទំហំលើសពី ៤២០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៦ ខែតុលា ក្រសួងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយទិន្នន័យដែលបង្ហាញថា ក្នុងខែសីហា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងជិត ១៤% រហូតដល់ ១០៥,៦ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២៥។ តួលេខនេះក៏បានលើសពីការព្យាករចំនួន ១០២ពាន់លានដុល្លាររបស់អ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិមួយរបស់ Reuters ផងដែរ។

គួរឲ្យដឹងថា ការនាំចូលបានកើនឡើងជាង ៤% រហូតដល់កម្រិតកំណត់ត្រា ៤២០,៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលទំនិញ ដោយមិនគិតលើសេវាកម្ម មានទំហំរហូតដល់ទៅ ៣៤២ពាន់លានដុល្លាររួចទៅហើយ។ ចំណែកឯការនាំចេញវិញ បានកើនឡើង ១,៤% រហូតដល់ជាង ៣១៥ពាន់លានដុល្លារ។

យ៉ាងណាមិញ តម្រូវការក្នុងត្រីមាសទីពីរនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកមួយនេះ បានកើនឡើងក្នុងអត្រាលឿនបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដែលឆ្លុះបញ្ចាំងពីការប្រើប្រាស់ និងការវិនិយោគយ៉ាងខ្លាំងក្លា ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។

ជម្រាបជូនថា គម្លាតជញ្ជីងពាណិជ្ជកម្មអាមេរិកបានកើនឡើង ទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ចេញនូវពន្ធនាំចូលថ្មីៗជាច្រើនចាប់តាំងពីឆ្នាំមុនក៏ដោយ។ បច្ចុប្បន្ន ប្រទេសនេះមានគម្លាតខាតបង់ពាណិជ្ជកម្មផ្នែកទំនិញក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាមួយប្រទេសធំៗចំនួន៣ ដែលក្នុងនោះរួមមានម៉ិកស៊ិកផងដែរ៕​