សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា គ្រូពេទ្យត្រូវមានជំនាញពីរ ទីមួយគឺរឿងថ្នាំ ទី២ គឺរឿងចិត្តសាស្រ្ត ខណៈសម្តេចធិបតី ក៏ជំរុញឱ្យគ្រូពេទ្យពង្រឹងស្តង់ដារឱ្យមានគុណភាពខ្ពស់ផងដែរ។នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនមានតួនាទីត្រឹមតែផលិតអ្នកមានសញ្ញាបត្រនោះទេ ប៉ុន្តែមានតួនាទីជាយុទ្ធសាស្ត្រក្នុងការផលិត ធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹង ជំនាញ សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីបម្រើប្រជាជន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក និស្សិតប្រមាណជាង ៣ ម៉ឺននាក់ បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ ហើយបានចូលរួមបម្រើការងារនៅក្នុងប្រព័ន្ធសុខាភិបាលទូទាំងប្រទេស។
សម្ដេចធិបតី ក៏បានរម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន ដូចខ្ញុំធ្លាប់បាននិយាយថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា។ មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យទៅស្រាលហើយអាចជា, មនុស្សដែលជិតស្លាប់អាចជួយសង្គ្រោះជីវិតបាន»។
សម្ដេចធិបតី ក៏បានបញ្ជាក់ទៀតថា គ្រូពេទ្យត្រូវមានជំនាញពីរ ទីមួយគឺរឿងថ្នាំ ទី២ គឺរឿងចិត្តសាស្រ្ត។ គ្រាន់តែពេទ្យញញឹមដាក់ ពេទ្យយកចិត្តទុកដាក់ ពេទ្យមកពិនិត្យ ១ម៉ោង ២ម៉ោងម្ដង អនុវត្តវិជ្ជាជីវៈ អីចឹងបានពេទ្យមិនមែនរៀនតែចំណេះរឹងទេ គឺចំណេះទន់នេះ គឺសំខាន់ណាស់ ព្រោះបើគ្រាន់តែឃើញពេទ្យៗមុខកាចទៅហើយយើងឈឺលើសដើម។
សម្ដេចធិបតី បញ្ជាក់ថា អជីពរបស់ពេទ្យទីមួយគឺការចង់ជួយជីវិតមនុស្ស ការចង់ជួយព្យាបាលមនុស្ស និងការបម្រើសង្គម។ ទី២ កិត្តិយសនៅក្នុងសង្គម វិជ្ជាជីវៈជាពេទ្យគឺមានការគោរព ការផ្ដល់តម្លៃនៅក្នុងសង្គមមួយ និងទី៣ ឱកាសការងារ ប្រាក់ចំណូលមធ្យម។ ប៉ុន្ដែនៅក្នុងបីនេះ គិតថាបងប្អូនដែលបញ្ចប់វិជ្ជាជីវៈពេទ្យ ប្រាកដជាមានទិសដៅតែមួយ គឺអាទិភាពធំបំផុតការសង្គ្រោះជីវិត ព្យាបាលសុខភាពប្រជាជន ឃើញអ្នកផ្សេងបានជាសះស្បើយ ឃើញគ្រួសារផ្សេងមិនបែកបាក់ដោយសារការបាត់បង់ជីវិតរបស់អ្នកជំងឺដែលយើង ផ្ទុយទៅវិញបានឃើញគេសប្បាយចិត្ត ដែលនេះគឺជាអាទិភាពទី១ក្នុងអាជីពពេទ្យ។
ជារួម សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់និស្សិតរៀនវិជ្ជាជីវៈពេទ្យ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិជ្ជាជីវៈដោយគិតគូរដល់អាយុជីវិត និងសុខភាពពលរដ្ឋជាចំបង និងហាមដាច់ខាតកុំរៀនអាជីពពេទ្យតាមរយៈផ្លូវកាត់ដើម្បីយកតែសញ្ញាបត្រ៕អត្ថបទ៖ហ្សាលីន

