OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT បានរាយការណ៍ពីការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជិត ១១ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនេះ បើទោះបីជាប្រាក់ចំណូលរបស់ខ្លួនបានកើនឡើងជិត ៥០% ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រុមហ៊ុន OpenAI បានប្រកាសលទ្ធផលអាជីវកម្មប្រចាំត្រីមាសទី៣ របស់ខ្លួនដល់ក្រុមវិនិយោគិន។ ក្រុមហ៊ុនបានបង្ហាញថាប្រាក់ចំណូលរបស់ខ្លួន បានកើនឡើងជិត ៥០% បើធៀបនឹងត្រីមាសមុន ដែលឈានដល់ចំនួន ១០ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការខាតបង់ពីប្រតិបត្តិការនៅតែមានកម្រិតខ្ពស់ដដែល ដោយបានកើនឡើងពី ១០,១ពាន់លានដុល្លារ ដល់ ១០,៩ពាន់លានដុល្លារ។
គួរឲ្យដឹងថា តួលេខទាំងនេះត្រូវបានទម្លាយចេញ នៅពេលដែលដៃគូប្រកួតប្រជែងរបស់ខ្លួនគឺ Anthropic កំពុងត្រៀមខ្លួនសម្រាប់ការបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) នៅសប្តាហ៍ក្រោយ។ ថ្មីៗនេះ ក្រុមហ៊ុនមេរបស់ Claude មួយនេះ បានប្រកាសថា ប្រាក់ចំណូលក្នុងត្រីមាសទី៣ របស់ពួកគេ បានកើនឡើងដល់ ១៧ពាន់លានដុល្លារ ខណៈពេលដែលការខាតបង់ពីប្រតិបត្តិការបានធ្លាក់ចុះមកត្រឹម ៥៦៧លានដុល្លារផងដែរ។
ជម្រាបជូនផងដែរថា បើទោះបីជាប្រាក់ចំណូលរបស់ OpenAI កំពុងមានសន្ទុះកើនឡើងក៏ដោយ ក៏វានៅតែស្ថិតក្នុងគំលាតដ៏ឆ្ងាយពីគូប្រកួតប្រជែងរបស់ខ្លួនដដែល។ នៅក្នុងត្រីមាសទី២ ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនមេរបស់ ChatGPT មួយនេះ បានកើនឡើងត្រឹមតែ ១៨% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី១៕

