គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល សង់បានប្រមាណ ៤០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងឆ្នាំទី២ សម្រេចវឌ្ឍនភាពនៃការសាងសង់ជារួមប្រមាណ ៤០% ហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងថា កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះត្រួតពិនិត្យការងារប្រចាំខែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីជំនាញ តំណាងEDCF ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្រសួងបន្តថា ដំណើរបេសកកម្មនេះ ធ្វើឡើងដើម្បីពិនិត្យលទ្ធផលការងារតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងទិសដៅផែនការការងារបន្ត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាគម្រោងដ៏ធំ សម្រាប់បម្រើឱ្យផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅ និងបញ្ចៀសបញ្ហាផ្សេងៗ ដូចជាទឹកជំនន់ និងកាកសំណល់រាវជាដើម។ គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក រួមមាន ទី១, ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ចំណែកទី២, ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំងបណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕  អត្ថបទ៖ហ្សាលីន