មហាសេដ្ឋីកំពូលរបស់វៀតណាម លោក Pham Nhat Vuong បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅលើពិភពលោក ក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិកើនឡើងច្រើនបំផុត គិតនៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ខណៈពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup របស់លោកហក់ឡើងវិញ។

យោងតាម Forbes បានចុះផ្សាយថា លោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup បានបង្កើនទ្រព្យសម្បត្តិរបស់លោកចំនួន ៦៨៣លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យបច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ៣៨,៦ពាន់លានដុល្លា និងជាប់ចំណាត់ថ្នាក់ទី៥៨ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។
យ៉ាងណាមិញ ជុំវិញចំនួននេះ បានធ្វើឲ្យលោក Vuong ក្លាយជាបុគ្គលដែលមានការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតទាំង៣ របស់ពិភពលោក ពីក្រោយលោក Zhong Shanshan មហាសេដ្ឋីចិនក្នុងវិស័យភេសជ្ជៈ ដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងចំនួន ១,៥ពាន់លានដុល្លារ ដល់ចំនួនសរុប ៦៦,៥ពាន់លានដុល្លារអាមេរិក។
ចំណែកឯលោក Tadashi Yanai ស្ថាបនិកក្រុមហ៊ុន Uniqlo ជាបុគ្គលដែលមានកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតម្នាក់ទៀត ជាមួយទ្រព្យសម្បត្តិសរុប ៧០,៨ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ២៩ នៅលើពិភពលោក៕

