រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសចាត់ទុកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ជាង ២៤ ក្រុមហ៊ុន រួមមាន Nvidia, Amazon, Microsoft, OpenAI និង Anthropic ជា «ក្រុមហ៊ុនឆ្នើមថ្នាក់ជាតិ» (National Champions) របស់សហរដ្ឋអាមេរិក។ គោលបំណងនេះ គឺដើម្បីជួយឱ្យក្រុមហ៊ុនទាំងនេះពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ និងប្រកួតប្រជែងជាមួយគូប្រជែងនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការដាក់ឈ្មោះបែបនេះអាចបង្ហាញពីគោលនយោបាយថ្មីចុងក្រោយមួយរបស់រដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រ ឬអនុគ្រោះពិសេសដល់ក្រុមហ៊ុនដែលខ្លួនចាត់ទុកថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ។
ប៉ុន្តែទោះជាយ៉ាងណា របាយការណ៍ដដែលនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ហើយក៏មិនទាន់មានភាពច្បាស់លាស់ថា ការទទួលបានឋានៈជា «ក្រុមហ៊ុនឆ្នើមថ្នាក់ជាតិ» នេះ នឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុនទាំងនោះដែរ។
គួរឲ្យដឹងផងដែរថា ជុំវិញការប្រកាសផែនការនេះ បានកើតឡើងក្នុងពេលដែលទីផ្សារភាគហ៊ុនពាក់ព័ន្ធនឹងវិស័យ AI កំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំង។ មូលនិធិវិនិយោគជួញដូរតាមផ្សារហ៊ុន BAI ដែលជាមូលនិធិវិនិយោគដ៏ធំមួយដែលផ្តោតលើវិស័យ AI បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមីនាមក។
ទន្ទឹមនឹងនេះ ចំពោះក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារ AI ក៏កំពុងប្រឈមនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នានេះដែរ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានបិទបញ្ចប់នៅត្រឹម ១៦២,៨៥ដុល្លារកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលធ្លាក់ចុះប្រមាណ ៣៣% ពីកម្រិតខ្ពស់បំផុត ២៤៣,៣៧ ដុល្លារ កាលពីថ្ងៃទី៦ ខែតុលា៕

