ក្រុមហ៊ុនឯកជនថៃមួយ ចង់ចាយលុយជាង ១ ពាន់លានដុល្លារ សាងសង់ឋានីយបាញ់រ៉ុក្កែត លើកោះត្រល់

អន្តរជាតិ

ថ្មីៗនេះយោងតាមសារព័ត៌មាន Vn Express បានចុះផ្សាយថា ក្រុមហ៊ុនឯកជន Thaigroup គ្រោងនឹងសាងសង់កន្លែងបាញ់រ៉ុក្កែត សម្រាប់ទេសចរណ៍អាវកាស នៅលើកោះត្រល់ ដោយនឹងចាយទុនអស់ប្រមាណ ៣០ ទ្រីលានដុង ឬ ១,៣ ពាន់លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ ដែលស្ថិតនៅក្រោម ក្រុមហ៊ុនមេ Thaiholdings មួយនេះ បានបញ្ចប់ការសិក្សាគម្រោងរួចរាល់ហើយ ដែលរំពឹងថានឹងដំណើរការសាងសង់នៅក្នុងឆ្នាំ ២០២២ ដល់ ២០២៦ ដើម្បីប្រែក្លាយកោះត្រល់ ទៅជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Thaigroup បាននឹងកំពុងស្វែងរកការអនុញ្ញាតពីសំណាក់អាជ្ញាធរនៅក្នុងតំបន់នេះ ដើម្បីធ្វើការស្ទង់មតិទៅលើទីតាំង សម្រាប់អនុវត្តគម្រោងដ៏ធំបំផុតរបស់ខ្លួនមួយនេះ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើបាននិយាយថា មានតម្រូវការខ្លាំង សម្រាប់វិស័យទេសចរណ៍ក្នុងទីអវកាស នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនៅមិនទាន់មានកន្លែងសម្រាប់បាញ់បង្ហោះរ៉ុក្កែតនៅឡើយទេ ដូច្នេះហើយទើបក្រុមហ៊ុន មើលឃើញថាកោះត្រល់ អាចជាកន្លែងចាប់ផ្តើមដំបូង ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Thaigroup ក៏កំពុងដំណើរការសាងសង់រីសតមួយ ក្នុងតម្លៃជាង ៩,៨ ពាន់លានដុង នៅលើកោះត្រល់ផងដែរ បន្ទាប់ពីពួកគេបានទិញយកពីក្រុមហ៊ុន Xuan Thanh Group ដែលពីមុនមកគឺជារោងចក្រស៊ីមម៉ងត៍ និងរោងចក្រវារីអគ្គិសនី ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ កោះត្រល់ ទទួលភ្ញៀវទេសចរណ៍បានជាង ៥ លាននាក់ ដោយក្នុងនោះមានជនបរទេសចំនួន ៥៤១ ០០០ នាក់ ៕

ប្រភព: Vn Express