ឥណ្ឌូនេស៊ី សម្រេចហាមឃាត់មិនឲ្យនាំចេញធ្យូងថ្មទៅក្រៅប្រទេស

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការហាមឃាត់ ចំពោះការនាំចេញធ្យូងថ្មទៅក្រៅប្រទេសនៅក្នុងខែមករានេះ ដោយសារតែមានការព្រួយបារម្ភថា ការផ្គត់ផ្គង់នឹងអាចធ្លាក់ចុះទាប នៅតាមបណ្តារោងចក្រក្នុងស្រុក ដែលនឹងនាំឲ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួង ថាមពលបាននិយាយកាលពីថ្ងៃសៅរ៍ទី ១ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ឥណ្ឌូនេស៊ី គឺជាប្រទេសដែលនាំចេញធ្យូងថ្មដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងការនាំចេញប្រហែល ៤០០ លានតោនក្នុងឆ្នាំ ២០២០ ហើយអតិថិជនធំបំផុតរបស់ប្រទេសនេះ គឺប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ។

គួរឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី មានគោលនយោបាយមួយ ដែលត្រូវបានគេហៅថា កាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) ដែលតម្រូវឲ្យក្រុមហ៊ុនរ៉ុករករ៉ែធ្យូងថ្ម ត្រូវធ្វើការផ្គត់ផ្គង់ចំនួន ២៥% នៃផលិកម្មប្រចាំឆ្នាំរបស់ពួកគេ ទៅដល់ស្ថានីយ៍របស់រដ្ឋ Perusahaan Listrik Negara (PLN) ក្នុងតម្លៃអតិបរមាប្រមាណ ៧០ ដុល្លារក្នុងមួយតោន ដែលជាចំនួនទាបជាងតម្លៃទីផ្សារបច្ចុប្បន្ន ។

មិនតែប៉ុណ្ណោះ លោក Ridwan Jamludin អគ្គនាយកផ្នែករ៉ែ និងធ្យូងថ្ម បាននិយាយថា ៖ ” ហេតុអ្វីបានជាគ្រប់រោងចក្រ ត្រូវបានហាមឃាត់មិនឲ្យមានការនាំចេញ? ព្រោះថាការប្រើប្រាស់ថាមពលរបស់យើង គឺលើសពីកម្រិត ហើយវាគឺជាការត្រៀមខ្លួនទុក។ ប្រសិនបើការហាមឃាត់ មិនត្រូវបានអនុវត្តទេនោះ រោចចក្រថាមពលជិត ២០ ដែលផលិតថាមពល ១០ ៨៥០ មេហ្គាវ៉ាត់ នឹងត្រូវអស់។ ហើយវានឹងមានការដាច់អគ្គិសនីក្នុងប្រទេសទ្រង់ទ្រាយធំជាក់ជាមិនខាត ” ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមាគមរ៉ែធ្យូងថ្មរបស់ឥណ្ឌូនេស៊ី (ICMA) បានអំពាវនាវដល់រដ្ឋមន្រី្តថាមពល ឲ្យធ្វើការលុបចោលនូវការហាមឃាត់ការនាំចេញនេះ ដោយនិយាយថា គោលនយោបាយនេះ ត្រូវបានចាត់វិធានការភ្លាមៗ ដោយមិនទាន់មានការពិភាក្សាជាមួយម្ចាស់អាជីវកម្មធ្យូងថ្មនៅឡើយ ។

លើសពីនេះ លោក Pandu Sjahrir ប្រធាន ICMA បាននិយាយទៀតថា ការហាមឃាត់ ការនាំចេញ នឹងអាចរំខានដល់បរិមាណផលិកម្មធ្យូងថ្ម ប្រចាំខែ ប្រហែលពី ៣៨ លាន ទៅ ៤០ លានតោន ខណ:សមគម បានបង្ហាញទៀតថា ខ្លួនក៏មានការព្រួយបារម្ភខ្លាំងផងដែរ ចំពោះជម្លោះដែលនឹងអាចកើតមានឡើង ជាមួយអ្នកទិញធ្យូងថ្ម ប្រសិនបើម្ចាស់អាជីវកម្ម ត្រូវហាមឃាត់មិនឲ្យមានការនាំចេញនោះ ៕

ប្រភព: CNA