ហ្វីលីពីន នឹងចាប់ផ្តើមបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិវិញ នៅខែកុម្ភ:

អន្តរជាតិ

ក្រុមមន្ត្រីរបស់ហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ពីប្រទេសមួយចំនួនធំ នៅថ្ងៃទី ១០ ខែកុម្ភ: ហើយនឹងលុបចោលលក្ខខណ្ឌដែលត្រូវឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីបានបិទទ្វារព្រំដែនអស់រយ:ពេលជិត ២ ឆ្នាំមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង អាជីវកម្មដែលអាស្រ័យទៅលើវិស័យទេសចរណ៍ នៅទូទាំងប្រជុំកោះដ៏ល្បីល្បាញ និងកន្លែងមុជទឹក ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារតែការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តជាតិ និងការរឹតបន្តឹងចំពោះការធ្វើដំណើរនៅក្នុងស្រុកជាដើម ។

បន្ថែមពីនេះ ភាពវេទនារបស់ពួកគេកាន់តែអាក្រក់ទៅ ដោយសារតែព្យុះទីហ្វុង ដែលបានបោកបក់ចូលក្នុងប្រទេសហ្វីលីពីន កាលពីខែធ្នូ ដោយបានបំផ្លិចបំផ្លាញរមណីយដ្ឋាន ភោជនីយដ្ឋាន និបារ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើន ។

រំលឹកផងដែរថា ហ្វីលីពីនធ្លាប់បានដាក់ចេញផែនការ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ រួចម្តងហើយ ចាប់តាំងពីថ្ងៃទី ១ ខែធ្នូ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារតែការលេចចេញឡើង នូវវីរុសបម្លែងខ្លួនថ្មី អូមីក្រុង ដែលធ្វើឱ្យប្រទេសនេះ ត្រូវបិទព្រំដែនសារជាថ្មី ។

តែទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាស កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញ ដោយពុំចាំបាច់មានទិដ្ឋាការ សម្រាប់ការទស្សនារយ:ពេលខ្លី ចំពោះភ្ញៀវទេសចរ ដែលមកពី ១៥៧ ប្រទេស ។

បន្ថែមពីនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ពីប្រទេសនៅក្នុងបញ្ជីអនុញ្ញាត នឹងតម្រូវឱ្យធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ជាមុនសិន មុនពេលហោះហើរចូលមកកាន់ប្រទេសហ្វីលីពីន ហើយនឹងមិនត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនោះឡើយ ។

ប៉ុន្តែយ៉ាងណា បញ្ជីនេះនឹងមិនរាប់បញ្ចូលប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ហ្វីលីពីននោះឡើយ ព្រមទាំងកោះតៃវ៉ាន់ និងឥណ្ឌាផងដែរ ។ ប៉ុន្តែសម្រាប់ប្រទេសដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី កាណាដា និងចក្រភពអង់គ្លេស នឹងត្រូវបានអនុញ្ញាត ៕

ប្រភព: Bangkok Post