ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ុយក្រែន ​ទម្លាយ​ថា​ចិន​នឹង​មិន​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ដាច់ខាត

អន្តរជាតិ

សង្គ្រាម​រវាង​មហាអំណាច​រុស្ស៊ី ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នៅតែ​បង្ហាញ​សញ្ញា​ក្ដៅ​គគុក​នៅ​ឡើយ ស្របពេល​កន្លងទៅ​អាមេរិក​ធ្លាប់​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ចូល​ខ្លួន​នៃ​ជន​ទី ៣ ពោល​គឺ​ខ្លាច​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​នឹង​ចូលរួម​ក្នុង​សង្គ្រាម​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្ដី​បារម្ភ​ខាងលើ​អាច​នឹង​លែង​ជា​បញ្ហា​តទៀត​ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ុយក្រែន លោក Fan Xianrong បាន​ទម្លាយ​ឲ្យ​ដឹង​ថា មហាអំណាច​ចិន​នឹង​មិន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ជា​ដាច់ខាត។

“​ចិន​នឹង​មិន​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន​ជាដាច់ខាត ហើយ​ពួកយើង​នឹង​ជួយ​ជា​ពិសេស​ទៅលើ​ផ្នែក​សេដ្ឋកិច្ច ដូច​ដែល​បាន​ឃើញ​ស្រាប់​នៅក្នុង​ស្ថានការណ៍​មួយ​នេះ គឺ​ពួកយើង​ធ្វើ​តាម​កាលៈទេសៈ”។ នេះ​បើតាម​សម្ដី​របស់​លោក Fan Xianrong ប្រាប់ទៅ​កាន់​លោក Maksym Kozytsky ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ Lviv នៅក្នុង​កិច្ច​ប្រជុំ។

“​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​សម្ព័ន្ធមិត្ត​ល្អ​ជាមួយ​នឹង​ប្រជាជន​អ៊ុយក្រែន ហើយ​ក្នុង​នាម​ជា ឯកអគ្គរដ្ឋទូត ខ្ញុំ​ហ៊ាន​អះអាង​ថា​ និង​ទទួល​ខុសត្រូវ​នូវ​ពាក្យសម្ដី​របស់​ខ្ញុំ ដែល​ថា ចិន​នឹង​នៅ​តែ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ”។

បញ្ជាក់​ដែរ​ថា លោក Fan បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ស្ថានទូត​ចិន​ប្រចាំ​អ៊ុយក្រែន​បាន​លើក​មូលដ្ឋាន​ទៅ​កាន់​ទីក្រុង Lviv ជា​បណ្ដោះអាសន្ន ស្របពេល​លោក Qin Gang ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់ចិន​ឡើយ គឺ​មាន​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ ដូច្នេះ​វា​គ្មាន​ហេតុផល​អី​ដែល​ចិន​ត្រូវ​ចូលរួម​វាយ​អ៊ុយក្រែន​ឡើយ៕

ប្រភព: CNN