Lexus LX600 F-Sport Launch Edition ផលិតតែ ១០០ គ្រឿងលើលោក នៅខ្មែរមានតែមួយគ្រឿងគត់

កម្សាន្ត អន្តរជាតិ

ក្រុមហ៊ុន Lexus ឆ្នាំនេះកាន់តែកាច ពោលគ្រប់ម៉ូដែលរថយន្តសេរីឆ្នាំ ២០២២ ទាំងអស់ សុទ្ធតែត្រូវបានប្ដូររូបរាង មិនថាប្រភេទ LX ឬ RX ឡើយ ដោយបានផ្លាស់ប្ដូរនាមថ្មី All New Lexus LX ឬ All New Lexus RX ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមរថយន្តរបស់ Lexus សេរីចុងក្រោយបំផុតទាំងអស់ ត្រកូល LX ហាក់ធ្វើឲ្យអ្នកស្រឡាញ់រថយន្តប្រណីតៗ តាមសម្លឹងមើលមិនដាក់ភ្នែក ដោយសារតែការរចនាដ៏ស៊ីវិល័យ គួបផ្សំជាមួយប្រណីតភាព ស្របពេលបច្ចេកវិទ្យានៃរថយន្តរឹតតែមិនបាច់បរិយាយថែមទៀត។

Lexus LX 600 ឆ្នាំ ២០២២ ផលិតមកជាមួយជម្រើសជាច្រើន ប៉ុន្តែអត្ថបទមួយនេះ ឧកញ៉ាញ៉ូវស៍សូមលើកយកតែម៉ូដែលពិសេសបំផុតមួយគឺ All New Lexus LX 600 F-Sport Launch Edition មករៀបរាប់ត្រួសៗប៉ុណ្ណោះ ដោយសាររថយន្តប្រភេទមួយនេះផលិតឡើងតែ ១០០ គ្រឿងប៉ុណ្ណោះលើពិភពលោក។

ប្រភពរូបភាព៖ Deluxe Auto

ខុសប្លែកពីសេរី LX 600 F-Sport ធម្មតាដែលមាន ៧ កៅអី F-Sport Launch Edition មានតែ ៥ កៅអីប៉ុណ្ណោះ ប៉ុន្តែកម្លាំងម៉ាស៊ីនគឺខ្លាំងដូចគ្នាពោល ដំណើរការដោយម៉ាស៊ីនសាំង V6 3,5L អាចផលិតកម្លាំងដល់ទៅ ៤០៩ Hp និងមានចង្កឹះលេខអូតូ ១០ វគ្គ។

លក្ខណៈពិសេសផ្សេងៗទៀតដែលបំពាក់មកជាមួយរថយន្តស្រាប់មានដូចជា កាមេរ៉ា ៣៦០ ដឺក្រេ ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធទប់លំនឹង ដំបូលអាចបញ្ជាបិទបើកបាន ហើយដៃចង្កូតបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិក ងាយស្រួលដល់ការបើកបរទាំងលើផ្លូវធម្មតា និងផ្លូវបែប Off-road។

ប្រភពរូបភាព៖ Deluxe Auto

ដ្បិតតែផលិតមកតែ ១០០ គ្រឿងលើលោកក៏ពិតមែន ប៉ុន្តែរថយន្តដ៏ប្រណីតមួយនេះក៏មានវត្តមានលើទីផ្សាររថយន្តកម្ពុជាផងដែរ ដោយមានលក់នៅហាងរថយន្ត Deluxe AUTO ហើយរថយន្តដែលកំពុងបង្ហាញខ្លួននៅកម្ពុជាមួយនេះមានលេខរៀងទី ៧១។

ប្រភពរូបភាព៖ Deluxe Auto

ទាក់ទងនឹងតម្លៃ របស់កំពូលរថយន្ត LX 600 F-Sport ខ្នាតធំប្រចាំត្រកូល LX ដែលផលិតឡើងចំនួនតែ ១០០គ្រឿង លើពិភពលោកនេះ ហាងលក់រថយន្ត Deluxe AUTO បានទម្លាយឱ្យ Oknha News ដឹងថា ជាង ៣៥ម៉ឺនដុល្លារ។

ប្រភពរូបភាព៖ Kimsrun Premium Auto
ប្រភពរូបភាព៖ Kimsrun Premium Auto
ប្រភពរូបភាព៖ Kimsrun Premium Auto

តម្លៃនេះ បើប្រៀបធៀបជាមួយបងប្អូនរួមជំនាន់ត្រកូល Lexus LX600 VIP Kuro 2022 មាន ៤កៅអី គឺទាបជាងបន្តិចបន្ទួច ពោលរថយន្តលំដាប់អភិជន LX600 VIP Kuro ៤កៅអី តម្លៃជិត ៤០ម៉ឺនដុល្លារឯណោះ៕