ធនាគារឯកជនធំបំផុតរបស់ឥណ្ឌា ជួយសម្រួលក្រុមហ៊ុនក្នុងស្រុក ទិញធ្យូងថ្មពីរុស្ស៊ី ដោយប្រើលុយយ៉ន់ចិន

អន្តរជាតិ

ធនាគារ HDFC ដែលជាអ្នកផ្តល់ប្រាក់កម្ចីឯកជនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ថ្មីៗនេះ បានជួយសម្រួលដល់ក្រុមហ៊ុមផលិតស៊ីម៉ង់ត៍ក្នុងស្រុកមួយ ក្នុងការទិញលក់ធ្យូងថ្មរបស់ប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការងាកមកធ្វើពាណិជ្ជកម្មលើប្រាក់យ៉ន់របស់ប្រទេសចិន កំពុងធ្វើឱ្យរុស្ស៊ី អាចបន្តលក់ទំនិញរបស់ខ្លួន ទៅក្រៅប្រទេស ដោយមិនចាំបាច់ត្រូវទូទាត់ជាប្រាក់ដុល្លារឡើយ បើទោះបីជាមានការដាក់ទណ្ឌកម្មជុំទិស ចំពោះការឈ្លានពានរបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែនក្តី ។

យោងតាមវិក័យប័ត្រមួយ ដែលចុះពីថ្ងៃទី ៥ ខែមិថុនា បានបង្ហាញថា ធនាគារ HDFC បានគាំទ្រដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ UltraTech ចំពោះការទិញចូលធ្យូងថ្មពីរុស្ស៊ី ពីក្រុមហ៊ុនផលិត និងចែកចាយ SUEK ក្នុងតម្លៃ ១៧២,៧ លានយ៉ន់ (២៥,៧៤ លានដុល្លារ) ។

ចំពោះលិខិតឥណទាន សម្រាប់កិច្ចព្រមព្រៀងទិញលក់នេះផងដែរ ត្រូវបានចេញដោយសាខា Andheri East របស់ធនាគារ HDFC ដែលមានទីតាំងនៅជាយក្រុង Mumbai ។ នេះបើយោងតាមឯកសារ ដែលបានបញ្ជាក់នៅលើវិក័យប័ត្រ ។

គួរឱ្យដឹងថា ប្រាក់ដុល្លារ គឺជារូបិយប័ណ្ណ សម្រាប់ការធ្វើពាណិជ្ជកម្មសកល ទៅលើវត្ថុធាតុដើម ប៉ុន្តែយ៉ាងណា ពាណិជ្ជករមួយចំនួន បាននិយាយថា ការធ្វើពាណិជ្ជកម្មប្រាក់យ៉ន់ឥឡូវនេះ ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីធ្វើការទូទាត់ ដើម្បីទទួលបានការផ្គត់ផ្គង់ទំនិញពីប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ផងដែរថា ធនាគារ HDFC បានដើរតួជាឈ្មួញកណ្តាល ដើម្បីធ្វើការឆ្លើយឆ្លង ក្នុងការផ្ទេរប្រាក់ពីធនាគារមួយទៅកាន់ធនាគារមួយផ្សេងទៀត ប៉ុន្តែបើយោងតាមសារព័ត៌មាន Rueters នៅមិនទាន់អាចកំណត់បានថា តើធនាគាររបស់ប្រទេសចិនណាមួយ កំពុងពាក់ព័ន្ធជាមួយនឹងការផ្ទេរប្រាក់នេះនៅឡើយទេ ៕