Zelenskyy ថាអ៊ុយក្រែនមានគ្រាប់ធញ្ញជាតិតម្លៃ ១០ ពាន់លានដុល្លារ សម្រាប់លក់ ក្រោយចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

អន្តរជាតិ

កាលពីថ្ងៃសុក្រទី ២២ កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោក មានគ្រាប់ធញ្ញជាតិតម្លៃប្រហែល ១០ ពាន់លានដុល្លារ សម្រាប់នាំចេញ បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងជាមួយប្រទេសរុស្ស៊ី ដើម្បីសម្រាលដល់វិបត្តិស្បៀងអាហារពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ កាលពីថ្ងៃសុក្រ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ខណ:វាហាក់ដូចជាបានបង្កើនក្តីសង្ឃឹមថាវិបត្តិស្បៀងអាហារអន្តរជាតិ អាចនឹងត្រូវបានបន្ធូរបន្ថយ ចាប់តាំងពីមានជម្លោះរវាងប្រទេសទាំង ២ មក ។

មិនតែប៉ុណ្ណោះ លោក Zelenskyy បាននិយាយថា ៖ ” មានប្រហែល ២០ លានតោន នៃការប្រមូលផលគ្រាប់ធញ្ញជាតិ កាលពីឆ្នាំមុន ដែលនឹងអាចធ្វើការនាំចេញបាន។ ហើយវាក៏នឹងផ្តល់ឱកាសឱ្យមានការលក់សម្រាប់គ្រាប់ធញ្ញជាតិ ដែលបានប្រមូលផល នៅឆ្នាំនេះផងដែរ ។ សរុបមក នៅពេលនេះ យើងមានគ្រាប់ធញ្ញជាតិ ដែលមានតម្លៃប្រហែល ១០ លានដុល្លារ ” ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានិយាយថា ខ្លួននឹងធ្វើឱ្យរុស្ស៊ី ទទួលខុសត្រូវចំពោះការអនុវត្តទៅលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានេះ ហើយថែមទាំងបានអំពាវនាវឱ្យប្រទេសចិន ធ្វើការស្តុកទុកគ្រាប់ធញ្ញជាតិ ដែលពួកគេបានប្រមូលទិញច្រើនបំផុត សម្រាប់ប្រើប្រាស់ នៅក្នុងកម្មវិធីមនុស្សធម៌សកលផងដែរ ។

លើសពីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងមួយនេះ​ នឹងអាចជួយបន្ធូរបន្ថយវិបត្តិ ដែលរុស្ស៊ីបង្កឡើង ខណ:លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិក នឹងឃ្លាំមើលយ៉ាងដិតដល់ ដើម្បីធានាបានថា រុស្ស៊ីពិតជាធ្វើតាមកិច្ចព្រមព្រៀងនេះ ៕