ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិកមួយ បរិច្ចាគលុយ ១៥លានដុល្លារ ជួយជនស៊ីវិលអ៊ីស្រាអែល

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia និងបុគ្គលិករបស់ខ្លួន បានបរិច្ចាគទឹកប្រាក់ចំនួន ១៥លានដុល្លារ ដល់អង្គការមិនរកប្រាក់ចំណេញរបស់អ៊ីស្រាអែល ដែលកំពុងគាំទ្រដល់ជនស៊ីវិលនៅក្នុងប្រទេសនេះ ដែលរងផលប៉ះពាល់ខ្លាំងដោយសារសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Nvidia បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូកន្លងទៅថា បុគ្គលិករបស់ក្រុមហ៊ុនរាប់ពាន់នាក់មកពីជាង ៣០ ប្រទេស បានធ្វើការបរិច្ចាគទឹកប្រាក់សរុបចំនួន ៥ លានដុល្លារអាមេរិក ខណ:ក្រុមហ៊ុនផ្ទាល់បានបរិច្ចាគចំនួន ១០លានដុល្លារពីលើបន្ថែមទៀត ក្រោមកម្មវិធីពិសេសមួយដែលត្រូវបានណែនាំ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាមនេះ។

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិកមួយនេះ បានកត់សម្គាល់ទៀតថា ការបរិច្ចាគនេះគឺជាការរៃអង្គាសថវិកាមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តជាង ៣០ឆ្នាំរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Nvidia បាននិយាយថា ៖ “យើងមានមោទនភាពដែលបានមើលឃើញការគាំទ្រយ៉ាងទូលំទូលាយបែបនេះពីគ្រួសារ Nvidia ក្នុងប្រទេសអ៊ីស្រាអែល និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថាការបរិច្ចាគនេះ នឹងអាចជួយដល់ការវិលត្រឡប់មកវិញរបស់សហការីរបស់យើង និងចំណាប់ខ្មាំងផ្សេងទៀតពីការចាប់ឃុំឃាំងរបស់ក្រុមហាម៉ាស” ។

ក្រុមហ៊ុន Nvidia ក៏បាននិយាយទៀតផងដែរថា ខ្លួនបានបរិច្ចាគកុំព្យូទ័ររាប់រយគ្រឿងដល់គ្រួសារដែលជម្លៀសចេញពីភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ហើយបានផ្តល់ជូនអាហាររាប់ពាន់មុខ ពីហាងកាហ្វេ ដែលស្ថិតនៅក្នុងការិយាល័យ Yokneam របស់ខ្លួន៕