រដ្ឋមន្ត្រីការបរទេសចិនថ្មី ចូលប្រឡូកក្នុងឆាកនយោបាយតាំងពីវ័យក្មេង

អន្តរជាតិ

ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចតែងតាំង លោក Qin Gang ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក មកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post បានបង្ហាញថាលោក Qin ដែលមានវ័យ ៥៦ ឆ្នាំ នឹងត្រូវចូលមកដឹកនាំក្នុងក្រសួងការបរទេសចិន ជំនួសលោក Wang Yi ដែលទំនងជានៅតែបន្តធ្វើជាទីប្រឹក្សារដ្ឋទទួលបន្ទុកផ្នែកការទូត។

យ៉ាងណាមិញ ជុំវិញការឡើងកាន់តំណែងថ្មីនេះ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗរបស់លោក Qin Gang មកចែករំលែកជូនប្រិយមិត្តឱ្យបានដឹងដូចតទៅ ៖

លោក Qin Gang បានកើតក្នុងខែមីនា ឆ្នាំ ១៩៦៦ នៅឯទីក្រុង Tianjin ប្រទេសចិន។ លោកបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ នៅទីក្រុងប៉េកាំង ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនយោបាយអន្តរជាតិ នៅក្នុងឆ្នាំ ១៩៨៨ ។

លោក Qin បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាបុគ្គលិកបម្រើការ នៅក្នុងការរិយាល័យបេសកកម្មការទូត នៅឆ្នាំដែលលោកបញ្ចប់ការសិក្សានោះ។ អំឡុងចន្លោះឆ្នាំ ១៩៩២ ដល់ ២០០២ សមត្ថភាពក្នុងការផ្តល់សេវាការទូតរបស់លោក Qin មានភាពរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងកិច្ចការអឺរ៉ុប រហូតដល់គាត់អាចឡើងកាន់តំណែងជាលេខា និងនាយកនៅក្នុងនាយកដ្ឋានកិច្ចការអឺរ៉ុបខាងលិច របស់ក្រសួងការបរទេស ។

នៅចន្លោះឆ្នាំ ២០០២ ដល់ ២០០៥ លោក Qin បានបន្តចូលបម្រើការជាទីប្រឹក្សា ហើយក្រោយមកក្លាយជារដ្ឋមន្រី្ត ដែលត្រូវបានរដ្ឋាភិបាល បញ្ចូនទៅកាន់ស្ថានទូតនៃសារធារណរដ្ឋប្រជាមានិតចិន ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

រហូតដល់ចន្លោះឆ្នាំ ២០០៥ និង ២០១០ លោក Qin បានបម្រើការជាអគ្គនាយករងនៃនាយកដ្ឋានព័ត៌មាននៅក្រសួងការបរទេស មុនពេលក្លាយជាអគ្គនាយកនៅក្នុងឆ្នាំ ២០១១ ។ នៅឆ្នាំ ២០១៤ លោកបានក្លាយជាអគ្គនាយកនៃនាយកដ្ឋានពិធីការសម្រាប់ដំណើរទស្សនកិច្ចអន្តរជាតិ ហើយលោក ត្រូវបានគេរាយការណ៍ថា ទទួលបានការទុកចិត្តខ្ពស់ពីសំណាក់ប្រធានាធិបតី លោក Xi Jinping នៅពេលដែលគាត់បានចូលរួម នៅក្នុងការរៀបចំសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រធានាធិបតី ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស។

នៅវ័យត្រឹម ៤៩ ឆ្នាំ លោក Qin បានឡើងកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណ:រដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ ២០១៨ ។ ជាមួយនឹងសមត្ថភាពក្នុងការបញ្ចេញមតិ នៅក្នុងក្រសួងការបរទេស លោក Qin ត្រូវបានរដ្ឋាភិបាល បញ្ចូនទៅកាន់សហរដ្ឋអាមរិក ដើម្បីជាជាឯកអគ្គរដ្ឋទូត នៅក្នុងខែកក្កដា ឆ្នាំ ២០២១ អំឡុងពេលគ្រាដ៏លំបាកមួយ ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ។

នៅទីក្រុងវ៉ាស៊ីនតោន លោក Qin បានប្រកាន់ជំហរការពារចិន លើបញ្ហាធំៗដូចជាសិទ្ធិមនុស្ស នៅស៊ីនជាំង ហុងកុង ក៏ដូចជាការទាមទារអធិបតេយ្យភាព លើកោះតៃវ៉ាន់ រួមទាំងពេលដែលមានភាពតានតឹងកើនឡើង បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅ​ទស្សនកិច្ច​នៅលើកោះនោះ កាលពីខែសីហាផងដែរ។

ជម្រាបជូនផងដែរថា ការតែងតាំងរបស់លោក Qin ជារដ្ឋមន្ត្រីការបរទេសថ្មីនេះ គឺជាការផ្លាស់ប្តូរចុងក្រោយបំផុតមួយ នៅក្នុងជួរការទូតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណ:កាលពីថ្ងៃពុធកន្លងទៅ លោក Song Tao ដែលជាអតីតប្រធានាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់គណបក្សកាន់អំណាច ក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ថ្មី ជំនួសតំណែងលោក Liu Jieyiផងដែរ ៕