ស្រីលង្កា ស្នើសុំឱ្យចិនជួយប្រទេសខ្លួន សម្រាប់ ៣ ចំណុចធំៗនេះ ដើម្បីអាចងើបចេញពីវិបត្តិសេដ្ឋកិច្ចឡើងវិញ

អន្តរជាតិ

ប្រទេសស្រីលង្កា ដែលកំពុងផុងខ្លួនទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត កំពុងស្នើសុំឱ្យប្រទេសចិន ជួយខ្លួន លើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដើម្បីអាច​ស្តា​សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ។ នេះបើយោងតាមបេសកជនរបស់រដ្ឋាភិបាលទីក្រុងកូឡុំបូ ប្រចាំទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទ ទី ២៥ ខែកក្កដានេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសដីកោះ ដែលមានប្រជាជនរស់នៅ ២២ លាននាក់មួយនេះ កំពុងទទួលរងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យ នៅក្នុងឆ្នាំ ១៩៤៨ មក នៅពេលដែលទុនបម្រុងបរទេសត្រូវបានអស់ ខណ:វាបានធ្វើឱ្យក្រុមបាតុករមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការខ្វះខាតប្រេងឥន្ធន: អាហារ និងថ្នាំពេទ្យ រហូតឈានដល់ការផ្តួលរំលំគ្រួសារ Rajapaksa ដែលកំពុងកាន់អំណាចថែមទៀតផង ។

ដោយឡែក ឯកអគ្គរដ្ឋទូចស្រីលង្កា លោក Palitha Kohona បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាគន្លឹះមួយ ក្នុងការស្តាសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាឡើងវិញ នៅពេលដែលពួកគេគឺជាម្ចាស់បំណុលបរទេសធំជាងគេទីពីររបស់ស្រីលង្កា រួមជាមួយប្រទេសជប៉ុន ។ ហើយចិន គឺជាអ្នកកាន់កាប់បំណុលក្រៅប្រទេសរបស់ស្រីលង្កាប្រហែល ១០% ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Reuters នៅឯស្ថានទូចចិន ក្នុងប្រទេសស្រីលង្កា លោក Kohona បាននិយាយថា រដ្ឋាភិបាលទីក្រុងកូឡុំបូ ចង់ឱ្យចិន ស្នើសុំក្រុមហ៊ុនរបស់ពួកគេ ទិញចូលតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា រួមទាំងការធ្វើឱ្យច្បាប់នាំចូលរបស់ប្រទេសចិន កាន់តែមានតម្លាភាពផងដែរ ។

ក្រៅពីនោះ លោក Kohona ចង់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ជួយតាមរយ:ការចាក់បញ្ចូលការវិនិយោគបន្ថែមទៀត ទៅក្នុងគម្រោងកំពង់ផែដ៏ធំរបស់ខ្លួន នៅក្នុងទីក្រុង Colombo និង Hambantota ផងដែរ បន្ទាប់ពីផែនការវិនិយោគធំៗរបស់ចិនពីមុនមក ធ្វើមិនបានសម្រេច ដោយសារតែមានការរំខានដោយជំងឺកូវីដ ១៩ ។

លើសពីនេះទៀត ស្រីលង្កា ក៏ចង់ឃើញការមកដល់របស់ភ្ញៀវទេសចរចិន កាន់តែច្រើន នៅពេលដែលចំនួនភ្ញៀវទេសចរចិន បានធ្លាក់ចុះពីចំនួន ២៥៦ ០០០ នាក់ នៅក្នុងឆ្នាំ ២០១៨ មកនៅស្ទើតែសូន្យ បន្ទាប់ពីមាន​ភាព​ចលាចល​ និងជំងឺរាតត្បាត ចាប់តាំពីឆ្នាំ ២០១៩ មក ៕