ប្រាក់ចំណូលធនាគារចិន ICBC នៅតែកើនឡើង ទោះវិស័យអចលនទ្រព្យដុនដាប

អន្តរជាតិ

ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) ដែលជាធនាគរផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ការផ្តល់ប្រាក់កម្ចីរបស់ខ្លួន ដល់វិស័យអលចនទ្រព្យរបស់ចិន ដែលកំពុងធ្លាក់ក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុត បានកើនឡើង ១៥% នៅឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ពីប្រាក់ចំណូលនៅឆមាសទី ១ ធនាគារ ICBC បានរាយការណ៍ថាទឹកប្រាក់ប្រមាណ ៣៨,៨ ពាន់លានយ៉ន់ ឬជាង ៥,៦ ពាន់លានដុល្លារ ត្រូវបានផ្តល់ជូនសម្រាប់ប្រាក់កម្ចីមិនដំណើរការ ( Non-performing Loan) គិតត្រឹមចុងខែមិថុនា ដែលជាចំនួនកើនឡើងមួយ បើធៀបនឹងចំនួនទឹកប្រាក់ ៣៣,៨ ពាន់លានយ៉ន់ (៤,៨ ពាន់លានដុល្លារ) ដែលត្រូវបានផ្តល់ឱ្យនៅចុងឆ្នាំមុន ។

គួរឱ្យដឹងថា ICBC ជាធនាគារធំទី ៣ របស់ចិនហើយ ដែលបានរាយការណ៍អំពីការកើនឡើងនៃបំណុលដ៏អាក្រក់បំផុត នៅក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសនេះ សម្រាប់ឆមាសទី ១ ចំពេលកំពុងមានភាពអាប់អួរ បានបន្តកើនឡើង នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើន ខកខានក្នុងការសងបំណុល ដែលបានបង្ខំឱ្យផ្អាក ឬបញ្ឈប់គម្រោងសាងសង់លំនៅដ្ឋានតែម្តង និងនាំឱ្យមានការធ្វើកូដកម្ម ពីសំណាក់ប្រជាជន ដែលមិនព្រមបង់ប្រាក់ចំបោះគម្រោងសាងសង់ផ្ទះមិនទាន់ហើយ ។

ទោះបីជាយ៉ាងនេះក្តី ប្រាក់ចំណេញសុទ្ធរបស់ធនាគារ ICBC បានកើនឡើង ៤,៩% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ធនាគារបាននិយាយនៅក្នុងឯកសារមួយ នៅថ្ងៃអង្គារនេះ ថាប្រាក់ចំណេញសុទ្ធដែលពួកគេទទួលបាន មានចំនួន ១៧១,៥ ពាន់លានយ៉ន់ (២៤,៨២ ពាន់លានដុល្លារ) សម្រាប់រយ:ពេលប្រាំមួយខែដំបូងឆ្នាំនេះ ធៀបនឹងចំនួន ១៦៣,៤៧ ពាន់លានយន់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕