រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើទស្សនកិច្ចទៅសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងជប៉ុន-អាស៊ាន

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែតុលា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដើម្បីអាចសម្រេចបាននូវការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ដំណើរទស្សនកិច្ចក្រៅប្រទេសនេះ លោក Hayashi នឹងជួបពិភាក្សាការងារជាមួយសមភាគីរបស់គាត់ គឺរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abbdullah ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនខាងលើ បាននិយាយថា ការជួបជាមួយភាគីប្រទេសអាស៊ានទាំងពីរ នឹងមានការពិភាក្សាអំពីការពង្រឹងភាពជាដៃគូ ដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវការបើកចំហរតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងធ្វើឱ្យស៊ីជម្រៅ ទៅកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច សន្តិសុខជាតិ ជាដើម ។

ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន ​បានបង្ហាញឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចនេះ​នឹងស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ ក្នុងការរក្សាសណ្តាប់ធ្នាប់ ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពក្នុងតំបន់ ។

បន្ថែមពីនេះ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏នឹងនិយាយប្រាប់ទៅកាន់សមភាគីរបស់គាត់ផងដែរថា ប្រទេសជប៉ុន នឹងដកចេញការរឹតបន្តឹង ទៅលើវិធានការធ្វើដំណើរទាក់ទងនឹងជំងឺកូវីឌ- ១៩ ចាប់ពីថ្ងៃទី ១១ ខែតុលា ដើម្បីលើកកម្ពស់ដល់ឱកាសឆ្លងព្រំដែន របស់ប្រជាជន រួមទាំងអ្នកទេសចរផងដែរ៕