ក្រុមហ៊ុន Airlios វៀតណាម គ្រោងដាក់លក់រថយន្តហោះដំបូង ក្នុងតម្លៃជិត ៩ ម៉ឺនដុល្លារ នៅឆ្នាំ ២០២៤

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម Airlios បានដាក់បង្ហាញគម្រូរថយន្តអគ្គិសនី អាចហោះហើរបាន ហើយគ្រោងនឹងដាក់លក់នៅលើទីផ្សារជាផ្លូវការ នៅឆ្នាំ ២០២៤ ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយមួយនេះ បាននិយាយនៅឯការតាំងពិព័រណ៍នាពេលថ្មីៗនេះថា រថយន្តដែលមានកៅអីទោល ឬហៅថា Airlios គឺមានសមត្ថភាពអាចហោះឡើងផុតពីដីដល់ទៅ ១០ ម៉ែត្រ ក្នុងរយ:ពេលត្រឹម ១០ វិនាទី និងមានល្បឿនហោះហើរដល់ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

មិនតែប៉ុណ្ណោះ រថយន្តដែលអាចហោះបាននេះ ក៏អាចឡើងដល់កម្ពស់បំផុត ១២០ ម៉ែត្រ ឬស្មើទៅនឹងអគារកម្ពស់ ៤៤ ជាន់ ខណ:វាផ្ទុកអាគុយចំនួន ៨ ដែលអាចសាកពេញក្នុងរយ:ពេលត្រឹមតែ ៧ ទៅ ៨ នាទីប៉ុណ្ណោះ នៅក្នុងស្ថានីយ៍សាកបំពេញ ដែលមានកម្លាំង​ ៣០ គីឡូវ៉ាត់ ។

បើយោងតាមលោក Mai Thien Vu ដែលជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Airlios បាននិយាយប្រាប់ VnExpress ថា រថយន្តហោះដំបូងរបស់វៀតណាមនេះ គឺអាចដំណើរការហោះហើរបានដោយស្វ័យប្រវត្តិ និងបញ្ជាដោយដៃ ហើយប្រសិនបើវា ត្រូវបានដាក់ឱ្យចេញជាផ្លូវការ តាមការគ្រោងទុកនោះ Airlios នឹងក្លាយជារថយន្តហោះ ដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាក់ជាមិនខាន ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន បានអះអាងផងដែរថា Airlios ប្រភេទធម្មតានឹងមានតម្លៃប្រហែល ៨១ ០០០ ដុល្លារ ពោលគឺមានតម្លៃទាបជាងរថយន្តហោះ ម៉ូដែល Jetson របស់ប្រទេសស៊ុយអែត ដែលមានតម្លៃប្រហែល ៩២ ០០០ ដុល្លារ ។

ជាងនេះទៅទៀត Airlios ក៏នឹងផ្តល់ជូនសម្រាប់ម៉ូដែលពិសេសផ្សេងទៀតផងដែរ ដែលមានតម្លៃរហូតដល់ ៩៩ ០០០ ដុល្លារ ស្របពេលទាំងសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏គ្រោងនឹងបើកដំណើរការសេវាកម្មរថយន្តតាក់ស៊ីហោះហើរ នាពេលអនាគតផងដែរ ៕